អន្តជាតិ៖ ក្រុមហ៊ុន Tesla បានរាយការណ៍ពីប្រាក់ចំណេញប្រតិបត្តិការ នៅត្រីមាសទី ៤ មានកម្រិតទាប បើទោះបីជាប្រាក់ចំណូលខ្ពស់ក៏ដោយ។ ក្រុមហ៊ុនអះអាងថា កំណើនយឺតនេះ បន្ទាប់ពីមានការកាត់បន្ថយតម្លៃរថយន្តជាបន្តបន្ទាប់ ខណៈដែលក្រុមហ៊ុនរថយន្តអគ្គិសនីយក្ស របស់លោកមហាសេដ្ឋីលំដាប់ពិភពលោក Elon Musk មួយនេះ បានព្រមានអំពីកំណើនបរិមាណរថយន្ត ដែលត្រូវផលិត មានភាពយឺតយ៉ាវ នៅឆ្នាំ ២០២៤។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo នៅថ្ងៃទី២៥ មករា ២០២៤។

នៅត្រីមាសទី ៤ នៃឆ្នាំ២០២៣ កន្លងមកនេះ ប្រាក់ចំណូលរបស់ក្រុមហ៊ុន Tesla ទទួលបាន មានចំនួន ២៥.២ ពាន់លានដុល្លារ កើនឡើង ៣ភាគរយ ពីកម្រិតកាលពីឆ្នាំ២០២២ ដោយសារការចែកចាយរថយន្ត នៅឆ្នាំនោះ បានកើនឡើង ២០ភាគរយ។

រីឯប្រាក់ចំណេញរបស់ក្រុមហ៊ុននៅក្នុងពេលដូចគ្នានេះ គឺមានត្រឹម ២.៥ពាន់លានដុល្លារ ធ្លាក់ចុះ ជិត៤០ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០២២។

យ៉ាងណាមិញ ក្រុមហ៊ុន Tesla បានសន្យាថា រថយន្តជំនាន់ក្រោយ ដែលត្រៀមដាក់លក់ក្នុងពេលខាងមុខនេះ នឹងក្លាយជាអ្នកស្នងតំណែងដ៏សក្តិសម ជួយស្តាក្រុមហ៊ុនឡើងវិញ ក្នុងកម្រិតទីផ្សាពិភពលោក។

លើសពីនេះទៅទៀត លោក Musk បានអះអាងថា រថយន្តជំនាន់ក្រោយនេះនឹងរួមបញ្ចូលបច្ចេកវិទ្យាផលិតកម្ម “បដិវត្តន៍” បន្ថែមពីលើលក្ខណៈពិសេស គួរឱ្យចាប់អារម្មណ៍ សម្រាប់អ្នកបើកបរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ