បរទេស៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីយក្សអាមេរិក តេស្លា (Tesla) បានបញ្ជាក់ថា កំណត់ត្រាលក់រថយន្តរបស់ខ្លួនមានចំនួនរហូតដល់ ១.៣លានគ្រឿងកាលពីឆ្នាំមុន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃទី ០៣ មករា ២០២៣។

ក្រុមហ៊ុន តេស្លា បានរាយការណ៍កាលពីថ្ងៃចន្ទសប្តាហ៍នេះថា រថយន្តចំនួន ៤០៥,២៧៨គ្រឿងត្រូវបានចែកចាយនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២២។ ការចែកចាយរបស់ខ្លួននៅក្នុងត្រីមាសបានកើនឡើងពីចំនួន ៣៤៣,៨៣០គ្រឿងដែលបានលក់នៅក្នុងត្រីមាសទី៣ឆ្នាំមុន ប៉ុន្តែខកខានការរំពឹងទុករបស់ទីផ្សារដែលមានប្រហែលពី ៤២០,០០០គ្រឿង ទៅ ៤២៥,០០០គ្រឿង។ 

យ៉ាងណាមិញ ក្រុមហ៊ុនរថយន្តអគ្គិសនីមួយនេះ ក៏បានរាយការណ៍ផងដែរនូវការផលិតរថយន្តសរុបចំនួន ៤៣៩,៧០១គ្រឿងនៅក្នុងត្រីមាសទី៤ឆ្នាំមុន ដែលនាំឱ្យការចែកចាយសរុបប្រចាំឆ្នាំរបស់ខ្លួនកើនឡើងដល់ ១.៣១លានគ្រឿង និងផលិតកម្មសរុបក្នុងឆ្នាំ ២០២២ កើនដល់ ១.៣៧លានគ្រឿង៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ