ប្រធានាធិបតីអាមេរិក នឹងដឹកនាំកិច្ចប្រជុំ Quad ជាមួយមេដឹកនាំមកពីអូស្រ្តាលី ជប៉ុន និងឥណ្ឌានៅថ្ងៃទី២៤ ខែកញ្ញា ខាងមុខនេះ
វ៉ាស៊ីនតោន៖ មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបប្រាប់កាសែតរ៉យទ័រថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងស្វាគមន៍ដោយផ្ទាល់ជាលើកដំបូងក្នុងការដឹកនាំកិច្ចប្រជុំ «ក្វាដ» (Quad) ដែលមានប្រទេសចំនួន ៤ ជាសមាជិក ក្នុងនោះរួមមានអូស្ត្រាលី ឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិក។នេះបើយោងតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មាន CNA នៅថ្ងៃទី១៤ កញ្ញា ២០២១៕
បើតាមមន្រ្តីអាមេរិកក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះដដែលនេះ កិច្ចប្រជុំខាងលើ នឹងត្រូវធ្វើឡើងនៅសេតវិមាននាថ្ងៃទី២៤ ខែកញ្ញា ស្ថិតក្រោមវត្តមានមេដឹកនាំក្រុមប្រទេស Quad ដូចជានាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ស្កត់ ម៉ូរីសុន នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី និងនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ ខណៈដែលមេដឹកនាំទាំងនេះ ក៏នឹងត្រូវទៅចូលរួមក្នុងកិច្ចប្រជុំមហាសន្និបាត នៃអង្គការសហប្រជាជាតិ (UNGA) នៅសប្តាហ៍ក្រោយនេះផងដែរ។
គួរបញ្ជាក់ថា មន្រ្តីជាន់ខ្ពស់អាមេរិករូបនេះបានបន្ថែមទៀតថា មេដឹកនាំ Quad នឹងផ្តោតលើការធ្វើឱ្យទំនាក់ទំនងរបស់ពួកគេកាន់តែស៊ីជម្រៅ និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យមួយចំនួនដូចជា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ការដោះស្រាយវិបត្តិអាកាសធាតុ ភាពជាដៃគូលើផ្នែកបច្ចេកវិទ្យាដែលកំពុងរីកចម្រើន ហើយក៏ធានាឲ្យបានថា តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នៅតែជាតំបន់បើកទូលាយជានិច្ច បើទោះបីជាឥទ្ធិពលចិនកំពុងកើនឡើង ឥតឈប់ឈរយ៉ាងណាក៏ដោយ៕