សហភាពអឺរ៉ុបនឹងចំណាយប្រាក់ ៤៨ ពាន់លានដុល្លារ ដើម្បីដោះស្រាយវិបត្តិខ្សែសង្វាក់ផ្គត់ផ្គង់លើបន្ទះឈីប
2 ឆ្នាំ មុន
បរទេស៖ សហភាពអឺរ៉ុបបានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រើប្រាស់ទឹកប្រាក់ចំនួន ៤៣ ពាន់លានអឺរ៉ូ (៤៨ ពាន់លានដុល្លារ) ដើម្បីដោះស្រាយវិបត្តិខ្សែសង្វាក់ផ្គត់ផ្គង់លើបន្ទះសៀគ្វីកុំព្យូទ័រ (chip)។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី១០ កុម្ភៈ ២០២២។
ប្រធានគណៈកម្មការសហភាពអឺរ៉ុប Ursula von der Leyen បាននិយាយថា "ជំងឺរាតត្បាតកូវីដ-១៩ ក៏បានបង្ហាញនូវភាពងាយរងគ្រោះនៃខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរ។ យើងបានឃើញថាខ្សែផលិតកម្ម ទាំងមូលបានឈប់ដំណើរការក្នុងខណៈពេលដែលតម្រូវការមានការកើនឡើងយើងមិនអាចចែកចាយ តាមតម្រូវការបានទេដោយសារតែខ្វះបន្ទះឈីប»។
គួរបញ្ជាក់ថា “ច្បាប់ស្តីពីបន្ទះឈី CHIPS ACT” នឹងបង្កើនកិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវ និងផលិតកម្មនៅក្នុងប្លុករបស់សហគមន៍អឺរ៉ុប។ ឥឡូវនេះ ស្ថិតនៅក្នុងដំណាក់កាលរងចាំការគាំទ្រពីសភា និងរដ្ឋរបស់សហភាពអឺរ៉ុប៕ RT