បរទេស៖ កងទ័ពអាហ្វហ្គានីស្ថាន និងប៉ាគីស្ថានបានប៉ះទង្គិចគ្នា និងបានបាញ់កាំភ្លើងធំ ព្រមទាំងអាវុធតបតទៅវិញទៅមកតាមព្រំដែន ដែលបណ្តាលឱ្យមានជនស៊ីវិល ៦នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃទី១៣ ធ្នូ ២០២២។

កងទ័ពប៉ាគីស្ថានបានថ្កោលទោសកងទ័ពអាហ្វហ្គានីស្ថានក្រោមរបបតាលីបង់ ដោយទាហានអាហ្វហ្គានីស្ថានបានបើកការបាញ់ប្រហារ ឆ្លងកាត់ព្រំដែនក្នុងទីក្រុង  Shaman ភាគខាងជើងកាលពីថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ។ ហេតុការណ៍នេះបានបណ្ដាលឱ្យជនស៊ីវិល ៦នាក់បានស្លាប់ និងយ៉ាងហោចណាស់ ១៧នាក់បានរងរបួស។

ទោះបីជាយ៉ាងណាគេនៅមិនទាន់ដឹងច្បាស់ពីមូលហេតុដែលបង្កឱ្យមានការផ្ទុះអាវុធឡើងរវាងប្រទេសទាំងពីរនៅចំណុចព្រំដែននេះនៅឡើយទេ ប៉ុន្តែភាពតានតឹងរវាងប្រទេសទាំងពីរនៅតែបន្តកើនឡើងចាប់តាំងពីពួកតាលីបង់ បានដណ្តើមអំណាចម្តងទៀតនៅអាហ្វហ្គានីស្ថានកាលពីខែសីហា កន្លងទៅ។

យ៉ាងណាមិញប្រភពដដែលបានឱ្យដឹង និងបានដកស្រង់ប្រភពមួយនៅក្នុងទីភ្នាក់ងារសន្តិសុខ អាហ្វហ្គានីស្ថាន ដោយនិយាយថាការវាយប្រហារបានកើតឡើងបន្ទាប់ពីភាគីប៉ាគីស្ថានបានអំពាវនាវឱ្យឆ្មាំព្រំដែនអាហ្វហ្គានីស្ថាន “កំណត់ការវាយប្រហារ”  ព្រោះតែការបញ្ឈប់ការសាងសង់ប៉ុស្តិ៍ត្រួតពិនិត្យ នៅខាងព្រំដែនរបស់ពួកគេ។

មិនតែប៉ុណ្ណោះភាពតានតឹងនេះបានផ្ទុះឡើងបន្ទាប់ពីទាហានអាហ្វហ្គានីស្ថានបានព្យាយាមកាត់ផ្នែកខ្លះនៃរបងព្រំដែនផងដែរ។

ជាមួយគ្នានោះ បន្ទាប់ពីមានហេតុការផ្ទុះអាវុធកើតឡើង នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif បាននិយាយថា សកម្មភាពរបស់អាហ្វហ្គានីស្ថានសមនឹងទទួលបានការថ្កោលទោសខ្លាំងបំផុត៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ