បើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២០ បាយរាយការណ៍ថា រដ្ឋាភិបាលជប៉ុនបានប្រកាសជាផ្លូវការថា ខ្លួនបានត្រៀមរួចរាល់ហើយ ទៅលើការចំណាយសម្រាប់ការចាក់វ៉ាក់សាំង ការពារវីរុសកូរ៉ូណា (COVID-19) ដល់ប្រជាជនជប៉ុនទាំងអស់ ដើម្បីបង្ការការរីករាលដាលនៃជំងឺនេះ បូករួមទាំងការត្រៀមមូលនិធិពិសេសមួយទៀត។
នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ លោករដ្ឋមន្ត្រីសេដ្ឋកិច្ចលោក យ៉ាស៊ូតូស៊ិ នីហ្ស៊ីមូរ៉ា (Yasutoshi Nishimura)។លើសពីនេះ រដ្ឋាភិបាលជប៉ុនក៏បានបង្ហាញពីគម្រោង ដើម្បីបង្កើតមូលនិធិសម្រាប់ទូទាត់សង លើផលប៉ះពាល់ណាមួយ ដែលអាចបង្កឡើងដោយវ៉ាក់សាំងផងដែរ។
ទោះបីជានាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ (Abe Shinzo) បានប្រកាសថា នឹងលាលែងចេញពីតំណែងក៏ដោយ លោកធ្លាប់បានប្តេជ្ញាថា រដ្ឋាភិបាលជប៉ុននឹងចាក់វ៉ាក់សាំង ជូនដល់ពលរដ្ឋជប៉ុនឲ្យបានគ្រប់គ្នា យ៉ាងហោចណាស់នៅត្រឹមពាក់កណ្តាលឆ្នាំ២០២១។
គួរបញ្ជាក់ផងដែរថាការលើកឡើងនេះធ្វើឡើងបន្ទាប់ពីប្រទេសជប៉ុន បានចុះកិច្ចព្រមព្រៀងទ្វេភាគី ជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងនៅក្រៅប្រទេសដូចជា អាល្លឺម៉ង់ និងអង់គ្លេសជាដើម ដើម្បីធានាឲ្យប្រាកដថា ប្រទេសជប៉ុននឹងទទួលបានវ៉ាក់សាំងរាប់រយលានដូស ដែលកំពុងស្ថិតនៅក្នុងដំណាក់កាលធ្វើតេស្តចុងក្រោយ។ ទន្ទឹងគ្នានេះ ប្រទេសជប៉ុនក៏បានយល់ព្រម ចូលរួមនៅក្នុងកិច្ចខិតខំប្រឹងប្រែង របស់អង្គការសុខភាពពិភពលោក (WHO) ដែលផ្តោតលើការអភិវឌ្ឍ ផលិត និងចែកចាយវ៉ាក់សាំងប្រកបដោយសមភាពផងដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសជប៉ុន បានកត់ត្រាករណីឆ្លង COVID-19 សរុបចំនួន ៧០,២៦៨ករណី ក្នុងនោះ ១,៣៣០នាក់បានស្លាប់ និង ៦០,៤១៧នាក់ជាសះស្បើយឡើងវិញ៕