លីប៊ីបញ្ជូនជនអន្តោប្រវេសន៍ជិត ២៥០នាក់ត្រឡប់ទៅកាន់ប្រទេសនីហ្សេ និងឆាដ វិញ
ទ្រីប៉ូលី៖ អាជ្ញាធរលីប៊ី បានរៀបចំបញ្ជូនជនចំណាកស្រុកគ្មានឯកសារចំនួន ២៤៨នាក់ ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ គឺនីហ្សេ និងឆាដ ដែលនេះជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងប្រទេសទាំងបី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៩ វិច្ឆិកា ២០២៣។
មន្រ្តីប្រឆាំងនឹងការធ្វើចំណាកស្រុកនិយាយថា ជនជាតិនីហ្សេចំនួន ១២០នាក់បានបញ្ជូនចេញពីប្រទេសលីប៊ី ទៅកាន់ទីក្រុងNiamey ដោយមានការសម្របសម្រួលជាមួយអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) របស់អង្គការសហប្រជាជាតិ។ មន្ត្រីដដែលបន្តថា នៅក្នុងការសម្របសម្រួលជាមួយអាជ្ញាធរនៅភាគខាងកើតនៃប្រទេសលីប៊ី ជនចំណាកស្រុកចំនួន ១២៨នាក់ទៀត នឹងត្រូវបញ្ជូនទៅកាន់ព្រំដែនជាមួយប្រទេសឆាដ។
អនុប្រធានក្រុមប្រឹក្សាប្រធានាធិបតីលីប៊ី លោក Moussa al-Koni បានប្រាប់សន្និសីទកាសែតថា ដើម្បីដោះស្រាយបណ្តាញឧក្រិដ្ឋជន និងអ្នករត់ពន្ធមនុស្សនៅក្នុងប្រទេសលីប៊ី ឆាដ និងនីហ្សេរីយ៉ា កិច្ចសហប្រតិបត្តិការគឺត្រូវការជាចាំបាច់រវាង ប្រទេសទាំងបី។ នេះជាកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដែលអាចឲ្យប្រជាជនស្នាក់នៅក្នុងប្រទេសរបស់ខ្លួន ហើយរស់នៅទីនោះដោយសេចក្ដីថ្លៃថ្នូរ។
យោងតាមតួលេខរបស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) បានឱ្យដឹងថា ជនចំណាកស្រុកជាង ៧០០,០០០នាក់ ដែលភាគច្រើនមកពីប្រទេសនីហ្សេ និងអេហ្ស៊ីប បានរស់នៅក្នុងប្រទេសលីប៊ី នៅចន្លោះខែឧសភា និងខែមិថុនា ឆ្នាំ២០២៣៕