វ៉ាស៊ីនតោន៖ការធ្វើដំណើរក្នុងលំហអាកាសរយៈពេល ៧ឆ្នាំបានឈានដល់ទីបញ្ចប់ នៅពេលដែលកូនយានតូចរបស់ NASA បានចុះចតនៅវាលខ្សាច់ក្នុងរដ្ឋយូថា របស់សហរដ្ឋអាម៉េរិក ដោយដឹកមកផែនដីនូវសំណាកអាចម៍ផ្កាយ (asteroid) ដ៏ធំបំផុតមិនធ្លាប់មានពីមុនមក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៥ កញ្ញា ២០២៣។
ប្រធានអង្គការ NASA លោក ប៊ីល នែលសុន បានសាទរចំពោះបេសកកម្មនាំយកសំណាកអាចម៍ផ្កាយដ៏ធំមិនធ្លាប់មានមកកាន់ផែនដី និងថា ធូលីអាចម៍ផ្កាយ នឹងផ្តល់ឱ្យអ្នកវិទ្យាសាស្ត្រនូវការរកឃើញដ៏អស្ចារ្យមួយចំពោះការចាប់ផ្តើមនៃប្រព័ន្ធសុរិយគតិរបស់យើង។
ទីភ្នាក់ងារអវកាសអាមេរិកនេះ បានបង្ហោះសារនៅលើបណ្តាញសង្គម X ថា ការធ្វើដំណើរចម្ងាយ ៦,២១ ពាន់លានគីឡូម៉ែត្រនេះ បានកត់សម្គាល់នូវបេសកកម្មត្រឡប់មកផែនដីវិញជាមួយនឹងសំណាកអាចម៍ផ្កាយដំបូងបំផុតរបស់សហរដ្ឋអាមេរិក។
ស្របពេលជាមួយគ្នានេះដែរ អ្នកវិទ្យាសាស្ត្រមានក្តីសង្ឃឹមខ្ពស់ចំពោះសំណាកអាចម៍ផ្កាយនេះ ដោយនិយាយថា វានឹងផ្តល់នូវការយល់ដឹងកាន់តែប្រសើរឡើង អំពីការកកើតប្រព័ន្ធសុរិយគតិរបស់យើង និងរបៀបដែលផែនដីក្លាយជាកន្លែងរស់នៅបាន៕