ព្រះសីហនុ ៖ ក្រោយទើបតែចាកចេញ ក្នុងរយៈពេលខ្លី នាវាទេសចរណ៍ Westerdam បានត្រឡបចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ជាថ្មីម្ដងទៀត ជាមួយភ្ញៀវទេសចរជិត២ពាន់នាក់ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ។

បើតាមរបាយការណ៍ពីមន្ត្រីនគរបាលអន្តោប្រវេសន៍ ច្រកទ្វាអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាវាWesterdam បានចេញមកពីប្រទេសថៃ ហើយចូលចតនៅវេលាម៉ោង៧៖៤០នាទីព្រឹក ថ្ងៃព្រហស្បត្តិ៍នេះ ហើយនឹងចាកចេញទៅវិញនៅវេលាម៉ោង៩៖០០នាទី ថ្ងៃខែឆ្នាំដដែល។

នាវានេះ បានដឹកភ្ញៀវទេសចរចំនួន១,៨៧៣នាក់ ដោយក្នុងនោះមានស្ត្រីចំនួន៩៨៦នាក់ ហើយមាន៤៣សញ្ជាតិ។ ក្នុងនោះដែរ មាននាវិកចំនួន៧៧៦នាក់, ស្រីចំនួន១២៨នាក់ និង ៣៧សញ្ជាតិ។

ចំពោះសញ្ជាតិ ដែលមានភ្ញៀវទេសចរច្រើនជាងគេ គឺមកពីសហរដ្ឋអាមេរិកចំនួន៨៧០នាក់, កាណាដា២៨៩នាក់ និងចក្រភពអង់គ្លេសចំនួន១៩១នាក់។ ក្នុងចំណោមភ្ញៀវទេសចរបរទេស ដែលធ្វើដំណើរតាមនាវា Westerdam មានភ្ញៀវទេសចរចូលក្នុងប្រទេសកម្ពុជា ចេញទៅសៀមរាបមានចំនួន៥៩នាក់ ស្រី២៨នាក់ និងមាន៤សញ្ជាតិ។

ភ្ញៀវទេសចរបរទេស បានធ្វើដំណើរទស្សនកិច្ចនៅតាមទីប្រជុំជននានា ក្នុងក្រុងព្រះសីហនុ មានដូចជាទីប្រជុំជនផ្សារលើ តំបន់រមណីដ្ឋានវប្បធម៌ក្នុងខេត្តមានដូចជា វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណ តំបន់នេសាទទំនប់រលក (ភូមិ៣) និងតាមតំបន់ឆ្នេរសមុទ្រ ក្នុងខេត្តព្រះសីហនុ ដោយមានការការពារសន្តិសុខ សុវត្ថិភាពព្រមទាំងការសម្របសម្រួល ពីអាជ្ញាធរក្រុង-ខេត្ត និងកងកម្លាំងប្រដាប់អាវុធ ប្រកបដោយសុវត្ថិភាព។

គូសបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ នាវាទេសចរណ៍ Westerdam បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ជាមួយភ្ញៀវទេសចរជាង២ពាន់នាក់។ នាពេលនោះ គេសង្កេតឃើញ ក្រសួងទេសចរណ៍បានសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីទទួលអ្នកទេសចរ និងការរំលឹកខួប៣ឆ្នាំ នៃការសុំចតរបស់នាវា Westerdam នេះ។

អ្វីដែលពិសេសធ្វើឲ្យនាវាទេសចរណ៍ Westerdam ចងចាំប្រទេសតូចតែបេះដូងធំ កម្ពុជាមិនភ្លេចបែបនោះគឺ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២០កន្លងទៅនេះ ប្រទេសកម្ពុជា បានសម្រេចឲ្យ ក្រោយពីប្រទេស និងកោះចំនួន ៥ បានបដិសេធលើការស្នើសុំចត ដោយសារខ្លាចឆ្លងជំងឺកូវីដ-១៩ ខណៈពេលនោះ ជំងឺមួយនេះកំពុងមានការរាតត្បាតខ្លាំង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ