អន្តរជាតិ៖ សារព័ត៌មានអាមេរិកមួយ បាននិយាយថា យោធាអ៊ីស្រាអែល បានចាប់ផ្តើមបូមទឹកសមុទ្រដាក់បញ្ចូលទៅក្នុងបរិវេណផ្លូវរូងក្រោមដីដ៏ធំរបស់ក្រុមហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The Wall Street នៅថ្ងៃទី១២ ធ្នូ ២០២៣។ 

សារព័ត៌មាន បានដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ដោយនិយាយថា ការធ្វើឲ្យជន់លិច គឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លារបស់អ៊ីស្រាអែល ក្នុងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធក្រោមដីដែលបានគាំទ្រដល់ប្រតិបត្តិការរបស់ក្រុមហាម៉ាស។ 

ដោយដកស្រង់សម្តីពីមន្ត្រីយោធាអ៊ីស្រាអែល អត្ថបទនោះបាននិយាយថា ប្រព័ន្ធផ្លូវរូងក្រោមដី ត្រូវបានប្រើប្រាស់ដោយក្រុមហាម៉ាស ដើម្បីស្តុកទុកគ្រាប់រ៉ុក្កែត និងគ្រាប់រំសេវរបស់ក្រុមនេះ ហើយអាចផ្តល់លទ្ធភាពឱ្យមេដឹកនាំរបស់ខ្លួនបញ្ជា និងគ្រប់គ្រងកងកម្លាំងរបស់ពួកគេ។

មន្ត្រីសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍បាននិយាយថា ការធ្វើឲ្យជន់លិចផ្លូវរូងក្រោមដី ទំនងជាដំណើរការច្រើនសប្តាហ៍ ដោយប្រើម៉ាស៊ីនបូមទឹកចំនួន៧គ្រឿង។ ពួកគេបាននិយាយថា អ៊ីស្រាអែលនៅតែកំពុងវាយតម្លៃឧបករណ៍នៃការប្រើប្រាស់ទឹកសមុទ្រនៅក្នុងផ្លូវក្រោមដីខ្វាត់ខ្វែងដ៏ធំ ដែលលាតសន្ធឹងប្រហែល ៤៨០ គីឡូម៉ែត្រ។

អត្ថបទនេះ បាននិយាយថាមន្ត្រីមួយចំនួននៅក្នុងរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden មានការព្រួយបារម្ភថា ការប្រើប្រាស់ទឹកសមុទ្រអាចបង្កគ្រោះថ្នាក់ដល់ការផ្គត់ផ្គង់ទឹកសាបនៅតំបន់ហ្កាហ្សា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ