បរទេស៖ គណៈកម្មការសហភាពអឺរ៉ុប (EU) បានបើកការ ស៊ើបអង្កេតលើក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មកម្សាន្តតាមរយៈវីដេអូខ្លីៗក្នុងបណ្តាញសង្គមដ៏ល្បីល្បាញនៅលើពិភពលោក ឈ្មោះ «TikTok»។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ២១ កុម្ភ: ២០២៣។

ការស៊ើបអង្កេតនេះ ក្រោយពីគេរកឃើញថា បណ្តាញសង្គម TikTok បានបង្ហាញនូវខ្លឹមសារមួយចំនួន ដែលបំពាន ទៅលើសុវត្ថិភាពកុមារ, បើកទូលាយក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម និងបង្ហាញនូវខ្លឹមសារផ្សេងៗដែលបង្កគ្រោះថ្នាក់ដល់អ្នកលេងកម្មវិធីនេះទៀតផង ។

ប្រសិនបើគណៈកម្មការសហភាពអឺរ៉ុប (EU) រកឃើញថា TikTok ពិតជាបានរំលោភបំពានច្បាប់នេះ ក្រុមហ៊ុន ByteDance នឹងប្រឈមជាមួយការផាកពិន័យជាប្រាក់ ស្មើនឹង៦% ពីប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុននេះនៅទូទាំងពិភពលោក ។

ចំណែក TikTok លើកឡើងថា ក្នុងរយៈពេលកន្លងមកនេះ ក្រុមហ៊ុននៅតែបន្តសហការជាមួយបណ្តាអ្នកជំនាញ ដើម្បីស្វែងរកវិធីការពារយុវជនទាំងអស់ ដើម្បីឱ្យពួកគេអាចប្រើប្រាស់ខ្លឹមសារប្រកបដោយសុវត្ថិភាព ។

TikTok បញ្ជាក់ទៀតថា ជាពិសេស Features គឺជាមុខងារទប់ស្កាត់មិនឱ្យកុមារអាយុក្រោម១៣ឆ្នាំ ចូលប្រើប្រាស់កម្មវិធីបាន ។ នេះចាត់ទុកថា វាជាបណ្តាញសង្គមដំបូងគេនៅលើពិភពលោក ដែលបានប្រើប្រាស់កម្មវិធីការពារសុវត្ថិភាពរបស់កុមារ ។

ជាមួយគ្នានេះ ក្រុមហ៊ុន ByteDance បញ្ជាក់ថា បញ្ហាដែលកើតឡើងនេះ គឺមិនមែនមានតែលើបណ្តាញសង្គម TikTok ប៉ុណ្ណោះទេ ប៉ុន្តែវាបានកើតឡើងនៅលើកម្មវិធីបណ្តាញសង្គមផ្សេងទៀតនៅទូទាំងពិភពលោកផងដែរ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ