អង់ការ៉ា៖ មេដឹកនាំតួកគី បានហៅនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ថា ជា “ឃាតករសម្លាប់មនុស្សមិនរើសមុខនៅហ្គាហ្សា” និងបានចោទប្រកាន់គាត់ ពីបទចែកចាយមនោគមន៍វិជ្ជាប្រឆាំងនឹងពួកយូដាទូទាំងពិភពលោក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៩ វិច្ឆិកា ២០២៣។

ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្កាន់ បាននិយាយនៅក្នុងសុន្ទរកថាផ្សាយតាមកញ្ចក់ទូរទស្សន៍ជាតិថា នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានសរសេរឈ្មោះរបស់គាត់រួចហើយ នៅក្នុងប្រវត្តិសាស្ត្រ ថាជាឃាតករសម្លាប់មនុស្សមិនរើសមុខនៅតំបន់ហ្គាហ្សា។

លោកបន្តថា មេដឹកនាំអ៊ីស្រាអែលរូបនេះ កំពុងបង្កគ្រោះថ្នាក់ដល់សន្តិសុខរបស់ជនជាតិជ្វីហ្វទាំងអស់ទូទាំងពិភពលោក តាមរយៈគាំទ្រដល់ការប្រឆាំងនឹងពួកយូដា ជាមួយនឹងឃាតកម្មដែលគាត់បានប្រព្រឹត្តនៅហ្គាហ្សា។ វោហាសាស្ត្រដ៏មុតស្រួចរបស់លោក អឺដូហ្កាន់ បានគំរាមកំហែងដល់ការបែកបាក់ទំនាក់ទំនងរវាងតួកគីជាមួយអ៊ីស្រាអែល។

គួរបញ្ជាក់ថា លោក អឺដូហ្កាន់ បានរិះគន់អ៊ីស្រាអែលម្តងហើយម្តងទៀត ជុំវិញការសម្លាប់ និងការបំផ្លិចបំផ្លាញ នៅក្នុងការសងសឹករបស់ខ្លួន ចំពោះការវាយប្រហារឆ្លងព្រំដែនដែលមិនធ្លាប់មានពីមុនមករបស់ពួកសកម្មប្រយុទ្ធហាម៉ាសកាលពីថ្ងៃទី០៧ ខែតុលា។ បន្ថែមលើនេះ លោក អឺដូហ្កាន់ បានដាក់ស្លាកអ៊ីស្រាអែលថា ជារដ្ឋភេរវករ ហើយបានហៅក្រុមហាម៉ាសថា ជាក្រុមរំដោះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ