នាយករដ្ឋមន្ត្រីអង់គ្លេស ហៅពូទីនថាជា «ឧក្រិដ្ឋជនសង្គ្រាម» ជំរុញឱ្យបោះឆ្នោតអង្គការសហប្រជាជាតិប្រឆាំងនឹងការឈ្លានពាន
ឡុងដ៍៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson នៅថ្ងៃពុធ ទី០២ ខែមីនា បានហៅប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថាជាឧក្រិដ្ឋជនសង្រ្គាម ហើយបានជំរុញឱ្យមានឯកច្ឆ័ន្ទ UN ថ្កោលទោសការលុកលុយចូលអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី០២ មីនា ២០២២។
ការអត្ថាធិប្បាយរបស់លោកបានធ្វើឡើងនៅក្នុងសភា ដែលជាកន្លែងដែលសមាជិកសភាបានបញ្ចេញមតិចំពោះឯកអគ្គរដ្ឋទូតអ៊ុយក្រែនដែលកំពុងចូលរួម។ លោក Johnson បន្តថាខ្ញុំបានពាក់អាវដែលមានទង់ជាតិចក្រភពអង់គ្លេស-អ៊ុយក្រែន ហើយសមាជិកសភាជាច្រើននាក់បានស្លៀកសម្លៀកបំពាក់ពណ៌ខៀវ និងលឿងរបស់អ៊ុយក្រែន។
លោក Johnson បានបន្ថែមថា "អ្វីដែលយើងបានឃើញរួចមកហើយពីរបបរបស់លោក វ្ល៉ាឌីមៀ ពូទីន ក្នុងការប្រើប្រាស់អាវុធដែលពួកគេបានទម្លាក់លើជនស៊ីវិលស្លូតត្រង់នោះ តាមទស្សនៈរបស់ខ្ញុំ បានហៅថាជាឧក្រិដ្ឋកម្មសង្រ្គាម"។
រដ្ឋមន្ត្រីចក្រភពអង់គ្លេសបានព្រមានថា លោក ពូទីន បក្ខពួក និងមេបញ្ជាការរបស់លោកអាចប្រឈមមុខនឹងការកាត់ទោសនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅទីក្រុងឡាអេ ដែលបានបើកការស៊ើបអង្កេតលើការលុកលុយរួចហើយ។
មុនពេលការបោះឆ្នោតដោយមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក លោក Johnson បានបន្ថែមថា "យើងអំពាវនាវឱ្យគ្រប់ប្រទេសទាំងអស់ចូលរួមជាមួយយើងក្នុងការថ្កោលទោសរុស្ស៊ី និងទាមទារឱ្យពូទីនបញ្ឈប់ប្រតិបត្តិការយោធា" ។
គួរបញ្ជាក់ថា Johnson បានព្រមានពីការដាក់ទណ្ឌកម្មបន្ថែមទៀត ប្រសិនបើការវាយលុកនៅតែបន្ត ដោយលើកឡើងនូវពាក្យស្លោកថ្មីថា "ពូទីន ត្រូវតែបរាជ័យ"។
លើសពីនេះទៅទៀត Johnson ថា "ជាមួយនឹងវីរភាពរបស់ប្រជាជនអ៊ុយក្រែន ... និងការរួបរួមរបស់បស្ចិមប្រទេស ខ្ញុំមិនមានការសង្ស័យទេថាគាត់នឹងបរាជ័យ ហើយយើងនឹងទទួលបានជោគជ័យក្នុងការការពារអ៊ុយក្រែន" ។RT