តូក្យូ៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Hamada Yasukazu បានបញ្ជាឱ្យកងកម្លាំងស្វ័យការពារ កម្ទេចមីសុីលផ្លោងដែលចូលមកដែនដីរបស់ខ្លួន ។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន NHK នៅថ្ងៃទី២៩ ឧសភា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីការពារជាតិជប៉ុន បានចេញបញ្ជានៅថ្ងៃចន្ទនេះ បន្ទាប់ពីប្រទេសកូរ៉េខាងជើងបានប្រកាសពីផែនការរបស់ខ្លួនក្នុងការបាញ់បង្ហោះនូវអ្វីដែលខ្លួនហៅថាផ្កាយរណបសិប្បនិម្មិតនៅចន្លោះថ្ងៃទី ៣១ ខែឧសភាដល់ថ្ងៃទី ១១ ខែមិថុនា។

ក្រសួងការពារជាតិជប៉ុនបាននិយាយថា ទីក្រុងព្យុងយ៉ាងអាចនឹងមានគម្រោងបាញ់បង្ហោះកាំជ្រួចផ្លោងក្រោមលេសថាដាក់ផ្កាយរណបទៅក្នុងគន្លងតារាវិថី។

លោក Hamada Yasukazu បាននិយាយថា ការបាញ់ទម្លាក់ដោយប្រើកាំជ្រួចស្ទាក់ចាប់ SM3 ពីនាវាពិឃាត Aegis របស់កងកម្លាំងស្វ័យការពារដែនសមុទ្រនៅសមុទ្រចិនខាងកើត និងប្រព័ន្ធ PAC3 ដែលមានមូលដ្ឋានលើដីក្នុងខេត្តអូគីណាវ៉ា ភាគខាងត្បូងប្រទេសជប៉ុន។

គួរបញ្ជាក់ថា នៅឆ្នាំ២០១៦ កូរ៉េខាងជើងបានបាញ់បង្ហោះរ៉ុក្កែតរយៈចម្ងាយឆ្ងាយ ប្រឆាំងនឹងការព្រមានអន្តរជាតិដដែលៗ បន្ទាប់ពីបានជូនដំណឹងដល់អង្គការដែនសមុទ្រអន្តរជាតិអំពីផែនការបាញ់បង្ហោះផ្កាយរណបអង្កេត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ