វ៉ាសូវី៖ តុលាការប៉ូឡូញ បានកាត់ទោសពលរដ្ឋរុស្ស៊ី បេឡារុស និងអ៊ុយក្រែនសរុបចំនួន ១៤នាក់ ពីបទធ្វើចារកម្មឱ្យរុស្ស៊ី ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព៌ត័មាន AFP នៅថ្ងៃទី២០ ធ្នូ ២០២៣។
ជនជាប់ចោទចំនួន ១៤នាក់ បានរងការចោទប្រកាន់កាលពីខែមុន ពីបទធ្វើចារកម្ម ក្នុងនោះមានការប៉ុនប៉ងធ្វើឱ្យខូចរថភ្លើងដឹកជំនួយទៅកាន់ប្រទេសជិតខាងអ៊ុយក្រែន ក៏ដូចជាឃ្លាំមើលទីតាំងយោធា និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងប្រទេសសមាជិកណាតូ។
ចៅក្រម Jaroslaw Kowalski បាននិយាយនៅពេលប្រកាសសាលក្រមថា បន្ទាប់ពីពិនិត្យសំណុំរឿង តុលាការរកឃើញថា ជនជាប់ចោទទាំងអស់មានពិរុទ្ធពីបទឧក្រិដ្ឋកម្ម ហើយពួកគេមួយចំនួនកំពុងធ្វើប្រតិបត្តិការ នៅក្នុងក្រុមឧក្រិដ្ឋកម្មដែលបានរៀបចំ។
ជនជាប់ចោទទាំង ១៤នាក់ ត្រូវបានកាត់ទោសកំបាំងមុខ បន្ទាប់ពីពួកគេបានសារភាពកំហុស។ បើតាមការរំពឹងទុក ពួកគេនឹងត្រូវជាប់ពន្ធធនាគារពី ១៣ខែដល់ ៦ឆ្នាំ។ ដោយឡែក ប៉ូឡូញជាប្រទេសគាំទ្រអ៊ុយក្រែនយ៉ាងខ្នះខ្នែងមួយ ចាប់តាំងពីរុស្ស៊ីបើកការឈ្លានពានពេញលេញក្នុងឆ្នាំ២០២២។
កាលពីចុងខែកញ្ញា នាយករដ្ឋមន្រ្តីប៉ូឡូញ លោក ម៉ាធើស ម៉ូរ៉ាវីកគី បាននិយាយថា ប្រទេសរបស់លោកនឹងបញ្ឈប់ការផ្គត់ផ្គង់អាវុធឱ្យអ៊ុយក្រែន ដោយសារតែបច្ចុប្បន្នយើងកំពុងបំពាក់អាវុធឱ្យប៉ូឡូញដែរ ជាមួយអាវុធទំនើបៗបន្ថែម៕