ទាហានមួកខៀវរបស់កម្ពុជាមួយក្រុម កំពុងហូបបាយ ក្រោមស្នូរគ្រាប់កាំភ្លើង នៅប្រទេសអ៊ីស្រាអែល
ភ្នំពេញ ៖ ទាហានមួកខៀវកម្ពុជា ម្នាក់ បានបង្ហោះរូបថត ចំនួន ៣សន្លឹក បានបង្ហាញថា ខ្លួនកំពុងមានវត្តមាន នៅប្រទេសអ៊ីស្រាអែល ដោយភ្ជាប់នូវខ្លឹមសារក្នុងន័យក្រើនរំលឹក ដល់ក្រុមមួយចំនួនកុំឱ្យមាក់ងាយ និងដៀមដាមពាក្យថា «អរគុណសន្តិភាព» ។
នៅលើគណនីហ្វេសប៊ុកឈ្មោះ «Chou VireakPheap» បានសរសេររៀបរាប់យ៉ាងដូច្នេះថា «ទាល់តែធ្លាប់ឆ្លងកាត់នៅពេលវេលាមួយនេះទើបដឹងថា តម្លៃនៃសន្តិភាពមានតម្លៃប៉ុណ្ណា សម្រាប់ប្រទេសជាតិនីមួយៗ គ្មានប្រទេសណាមួយចង់ អោយមានសង្រ្គាមនោះទេ ដូច្នេះហើយមេត្តា កុំដៀមដាមពាក្យថា អរគុណសន្តិភាព នេះជាលើកទី១ហើយក្នុងឆាកជីវិត ហើយដែលហូបបាយក្រោមសូរសម្លេង គ្រាប់ផ្លោងធ្លាក់ មិនមែននៅទីលានហ្វឹកហាត់ទេ តែនេះ គឺនៅទីលានជាក់ស្តែងផ្ទាល់ ដោយការវាយប្រហាររវាង ប៉ាឡេស្ទីន+លីបង់ ជាមួយអ៊ីស្រាអែល»។
យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៩ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា អ៉ីស្រាអែល បានបើកការវាយប្រហារលើតំបន់ហ្កាហ្សាប៉ាឡេស្ទីន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះដោយបានសម្លាប់ មនុស្សរាប់រយនាក់ ជាការសងសឹកទៅនឹងការវាយប្រហារដ៏បង្ហូរឈាមមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដែលក្រុមហាម៉ាស់ (Hamas) បានសម្លាប់ ជនជាតិអ៉ីស្រាអែលជាង ៧០០នាក់ និងចាប់មនុស្សជាច្រើននាក់ធ្វើជាចំណាប់ខ្មាំង៕EB