ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានណែនាំទៅចៅក្រម នៅតាមសាលាដំបូងទាំងអស់ ត្រូវធ្វើយ៉ាងណាដោះស្រាយលើបណ្តឹងកែតម្រូវអត្រានុកូលដ្ឋាន (សំបុត្រកំណើត) របស់ប្រជាលរដ្ឋជាង៦ពាន់សំណុំរឿង ឱ្យចប់នៅដំណាច់ខែមីនា ឆ្នាំ២០២៤ និងមិនត្រូវពាក់ព័ន្ធនឹងផលប្រយោជន៍ជាដាច់ខាត។

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានលើកឡើងយ៉ាងដូច្នេះថា៖ «រឿងអត្រានុកូលដ្ឋាន នៅទូទាំងប្រទេសយើងប្រមូលបានមានជាងជាង៦ពាន់រឿង ដែលស្មើនឹង ៩០ភាគរយនៃរឿងក្តីរដ្ឋប្បវេណី ពេលប្តឹងហើយត្រូវដោះស្រាយឱ្យលឿន អីឡូវខ្ញុំបានសំណូមពរយ៉ាងយូរបំផុតដំណាច់ខែមីនា ត្រូវដោះស្រាយសំណុំរឿង ៦ពាន់រឿងនេះចោល។

ចំពោះករណីនេះ, រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានណែនាំដល់មន្ត្រីយុត្តិធម៌ ត្រូវធ្វើយ៉ាងណាដោះស្រាយឱ្យបានឆាប់រហ័ស ដោយប្រកាន់យកគោលការណ៍ ត្រឹមត្រូវ ឆាប់រហ័ស និងមិនពាក់ព័ន្ធផលប្រយោជន៍។

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៏បានបញ្ជាក់ថា ចំពោះដំណើរការពន្លឿនការដោះស្រាយបណ្តឹងកែអត្រានុកូលដ្ឋាននេះ គឺមិនត្រូវឆ្លៀតឱកាសសម្រេចលើឯកសារណាដែលខុសច្បាប់នោះទេ។ មានន័យថា អត្រានុកូលដ្ឋានណាដែលច្បាប់អនុញ្ញាតឱ្យកែ គឺត្រូវកែឱ្យត្រឹមត្រូវតាមច្បាប់ ដោយឡែកចំពោះចំណុចណាដែលច្បាប់ហាមមិនឱ្យកែ គឺមិនត្រូវកែតម្រូវជាដាច់ខាត។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្តីពីប្រសិទ្ធភាព នៃកិច្ចការនាំពាក្យ ព័ត៌មាន និងសាធារណមតិ សម្រាប់អ្នកនាំពាក្យ និងមន្ត្រីទទួលបន្ទុកព័ត៌មាន នៃក្រសួងយុត្តិធម៌ និងសាលាជម្រះក្តី នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា, នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានគូសបញ្ជាក់ថា «អញ្ចឹងហើយរឿងអត្រាកូលដ្ឋាននេះ ខ្ញុំបានបញ្ជាក់ហើយចៅក្រម តាមសាលាដំបូង ឱ្យចៅក្រមទទួលបន្ទុកចាត់តាំងឱ្យទទួលបន្ទុក ធ្វើការងារអត្រានុកូលដ្ឋាន អារឿងនេះអត់ស្មុគស្មាញសោះ ចេញតែដីកាសម្រេចទៅទៀត អត់មានអីស្មុគស្មាញសោះ ប៉ុន្តែ ហេតុអីបានទុករឿងនេះយូរម៉េស អីឡូវអត់ទេឱសានវាទ៣ខែ ត្រូវដោះស្រាយឱ្យអស់»។

ត្រង់ចំណុចនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបន្ថែមថា ប្រសិនបើមានបញ្ហាអ្វីត្រូវបញ្ជាក់បញ្ហាដែលជួបប្រទះនេះឱ្យពិតប្រាកដ ជាពិសេសសូមកុំឱ្យមានលេចលឺឱ្យសោះរឿងបញ្ហាផលប្រយោជន៍ បើទោះបីតិចតួចក៏ដោយ។

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៏បានអំពាវនាវដល់ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីយុត្តិធម៌ទាំងអស់ ត្រូវរួមគ្នាធ្វើការងារឱ្យមានការប្រែប្រួលជាវិជ្ជមានសម្រាប់មុខមាត់វិស័យយុត្តិធម៌។ ចំពោះករណីនេះ គឺគ្មាននរណាម្នាក់អាចធ្វើទៅរួចម្នាក់ឯងនោះទេ ហើយក៏មិនមែនមានចៅក្រមមុខដែកម្នាក់ ធ្វើកិច្ចការងារនេះរួចនោះដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ