ឯកឧត្តម ហាស់ សារ៉េត កោតសរសើរក្រុមការងារចុះមូលដ្ឋានឃុំកន្សោមអក និងឃុំប្រាសាទ បានបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ
ព្រៃវែង ៖ ឯកឧត្តម ហាស់ សារ៉េត សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកកំពង់ត្របែក បានកោតសរសើរក្រុមការងារចុះមូលដ្ឋានឃុំកន្សោមអក និងឃុំប្រាសាទ បានខិតខំប្រឹងប្រែងបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជន។
ឯកឧត្តម ហាស់ សារ៉េត លើកឡើងបែបនេះ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ មន្ដ្រីគណបក្សឃុំ សាខាបក្សភូមិ និងប្រធានក្រុមបក្ស នៅក្នុងឃុំកន្សោមអក និងឃុំប្រាសាទ នៅថ្ងៃសុក្រ ទី៧ ខែកក្កដា ឆ្នាំ២០២៣នេះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ហោ សំអាត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំកន្សោមអក និងឃុំប្រាសាទ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ហោ សំអាត បានថ្លែងអំណរគុណចំពោះសកម្មជនគណបក្សប្រជាជនកម្ពុជា ឃុំកន្សោមអក និងឃុំប្រាសាទ បានខិតខំអស់ពីកំលាំងកាយចិត្តលើការងារបក្សក្នុងមូលដ្ឋានរបស់ខ្លួន ដោយមានការគ្រប់គ្រងបានល្អ ហើយបន្តពង្រឹងឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីយកជ័យជម្នះជូនគណបក្ស នៅថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។
លើសពីនេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទាំងពីរឃុំ បានស្រឡាញ់ និងគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សបង្កើតឡើងដោយប្រជាជន សម្រាប់ប្រជាជន និងដើម្បីប្រជាជន ដូច្នេះសូមប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ដ្រ នីតិកាល ឆ្នាំ២០២៣នេះ ឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ មានរូបសញ្ញាទេវតាបាចផ្កា។
នាឱកាសនោះដែរ ឯកឧត្តម ហាស់ សារ៉េត បានអញ្ជើញមានប្រសាសន៍កោតសរសើរ និងថ្លែងអំណរគុណដល់សមាជិក-សមាជិកា ក្រុមការងារ និងមន្ត្រីគណបក្សក្នុងមូលដ្ឋានទាំងអស់ បានខិតខំប្រឹងប្រែងបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជន។
ឯកឧត្តម បន្ដថា គណបក្សប្រជាជនកម្ពុជា បាននាំមកនូវសុខសន្តិភាពជូនប្រទេសជាតិ និងមានការឯកភាពជាតិពេញលេញ ព្រមទាំងមានការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យ ជាពិសេស បាននាំមកនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្ដាញទឹកស្អាត ជាដើម។
ជាមួយគ្នានោះ ឯកឧត្តម ហាស់ សារ៉េត បានលើកឡើងថា បើគ្មានសន្តិភាព យើងនឹងត្រូវបាត់បង់អ្វីៗទាំងអស់ ហេតុនេះយើងទាំងអស់គ្នា ត្រូវប្តេជ្ញាចិត្តចូលរួមការពារសន្តិភាពឱ្យបានរឹងមាំ តាមរយៈការចូលរួមបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ឱ្យបានគ្រប់ៗគ្នា ហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាបានសុខសន្តិភាព ការអភិវឌ្ឍ និងភាពរីកចម្រើនបន្តទៀត៕EB