ភ្នំពេញ ៖ ក្នុងជំនួបជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ លោក ឃែលិដ ឃៀរី ឧបការីអគ្គលេខាធិការ អង្គការសហប្រជាជាតិ បានលើកសរសើរកម្ពុជា ចំពោះវឌ្ឍនភាព ជាលំដាប់ ការចូលរួមយ៉ាងធំធេងក្នុងការ រក្សាសន្តិសុខអន្តរជាតិ និងការគាំទ្រពហុភាគីនិយម និង    សណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់។

យោងតាមប្រកាសរបស់ ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា កាលពីថ្ងៃទី១០ វិច្ឆិកា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានទទួលលោក ឃែលិដ ឃៀរី (Khaled Khiari) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង ។

ក្នុងជំនួបនោះលោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីសង្ឈឹមថា បទពិសោធន៍របស់កម្ពុជា អាចត្រូវបានចែករំលែក ក្នុងការនាំមកនូវសន្តិភាព និងស្ថិរភាពក្នុង និងក្រៅតំបន់។ 

ប្រកាសបញ្ជាក់ថា «លោក ឃែលិដ ឃៀរី បានលើកសរសើរកម្ពុជាចំពោះវឌ្ឍនភាព ជាលំដាប់ ការចូលរួមយ៉ាងធំធេង ក្នុងការរក្សាសន្តិសុខអន្តរជាតិ និងការគាំទ្រពហុភាគីនិយម និង សណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់។ លោក ក៏បានកោតសរសើរកម្ពុជា ចំពោះយុទ្ធនាការចាក់វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ១៩ ដ៏ជោគជ័យ ដែលនាំមកនូវការស្តារឡើងវិញ ដ៏ល្អនាពេលខាងមុខ និងគូសបញ្ជាក់អំពីការត្រៀមរួច ជាស្រេចរបស់អង្គការសហប្រជាជាតិ ក្នុងការគាំទ្រដល់ការ អភិវឌ្ឍប្រកបដោយ ចីរភាពក្នុងប្រទេសកម្ពុជា» ។

ចំពោះតួនាទីកម្ពុជា ជាប្រធានអាស៊ានឆ្នាំ២០២២ ប្រមុខការទូតខ្មែរ បានលើកពីអាទិភាពដែលកម្ពុជា បានកំណត់ដើម្បីកសាង សហគមន៍អាស៊ានបន្ថែមទៀត ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ។

ចំពោះភាពដៃគូសន្ទនា គ្រប់ជ្រុងជ្រោយអាស៊ាន-អង្គការសហប្រជាជាតិ ដែលឈានដល់ខួបអនុស្សាវរីយ៍ លើកទី១០ នៅឆ្នាំនេះ លោកឧបនាយករដ្ឋមន្ត្រី និង លោក ឃែលិដ ឃៀរី បានពិភាក្សាអំពីការពន្លឿន កិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រជាជាតិ ក្នុងវិស័យមួយចំនួន ដែលមានកំណត់ក្នុងក្របខ័ណ្ឌ ស្តារឡើងវិញគ្រប់ជ្រុងជ្រោយ របស់អាស៊ាន ការបង្រួមគម្លាតអភិវឌ្ឍក្នុងអាស៊ាន តាមរយៈការអនុវត្តផែនការការងារ IAI ទី៤ និងផែនការមេស្តីពីការតភ្ជាប់ អាស៊ានឆ្នាំ២០២៥ សុខុមាលភាពពលករចំណាកស្រុក ស្ត្រីក្នុងរបៀបវារៈសន្តិភាព និងសន្តិសុខ និងការគាំទ្រមជ្ឈមណ្ឌលតំបន់អាស៊ាន សម្រាប់សកម្មភាពមីន (ARMAC) ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ