ព្យុយ៉ាង៖ មន្ត្រីយោធាកំពូលកូរ៉េខាងជើងម្នាក់ដែលជាជំនួយការជិតស្និទ្ធរបស់មេដឹកនាំកំពូលលោក គីម ជុងអ៊ីល និងជាអ្នកជួយបង្ហាត់បង្រៀនការងារដល់មេដឹកនាំបច្ចុប្បន្នលោក គីម ជុងអ៊ុន បានទទួលមរណភាពហើយ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន KCNA នៅទី២០ ខែឧសភា ឆ្នាំ២០២២។

លោក Hyon Chol-hae សេនាប្រមុខនៃកងទ័ពប្រជាជនកូរ៉េ និងជាទីប្រឹក្សាទូទៅនៃក្រសួងការពារជាតិបានទទួលមរណភាព ដោយសារជំងឺសរីរាង្គជាច្រើននៅម៉ោង ៩ ព្រឹកថ្ងៃព្រហស្បតិ៍ ក្នុងវ័យ ៨៧ ឆ្នាំ ។

ទន្ទឹមនោះ កូរ៉េខាងជើងក៏បានរៀបចំគណៈកម្មាធិការជាតិរៀបចំបុណ្យសពដែលដឹកនាំដោយលោក គីម ជុងអ៊ុន និងមានការចូលរួមដោយមន្ត្រីជាន់ខ្ពស់មួយចំនួនផ្សេងទៀត ដោយដាក់សពអ្នកស្លាប់នៅឯមហោស្រពវប្បធម៌ April 25 ក្នុងទីក្រុងព្យុងយ៉ាង ។

លោក Hyon Chol-hae ជាឥស្សរជនសំខាន់នៅក្នុងបក្សពលករដែលកំពុងកាន់អំណាចផងដែរ ដោយបានបម្រើការជាសមាជិកការិយាល័យនយោបាយ និងគណៈកម្មាធិការមជ្ឈិម ក៏ដូចជាគណៈកម្មាការយោធាមជ្ឈិមផងដែរ ។

ទន្ទឹមនោះលោកក៏ជាមេដឹកនាំយោធាដ៏មានឥទ្ធិពលបំផុតមួយរូបក្នុងអំឡុងការដឹកនាំរបស់អតីតមេដឹកនាំលោក គីម ជុងអ៊ីល ដែលជួយគាត់យ៉ាងដិតដល់ក្នុងការរឹតបន្តឹងការក្ដោបក្តាប់លើយោធារបស់គាត់ ។

អ្វីដែលសំខាន់នោះលោក Hyon Chol-hae ក៏បានដើរតួក្នុងការស្នងអំណាចពីឪពុកទៅកូននៅក្នុងរបបកាលពីមួយទសវត្សរ៍មុន ហើយក្រោយមកលោកត្រូវបានដំឡើងឋានន្តរស័ក្តិជាមេទ័ពនៅឆ្នាំ ២០១៦ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ