ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំជាស្រេចនូវផ្ទៃដីប្រមាណ ១០ហិកតា និងឡរបច្ចេកទេសស្តង់ដារសម្រាប់បូជាសពអ្នកស្លាប់ដោយសារជម្ងឺកូវីដ-១៩។

លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ថា ចំពោះមុខក្រោយពីទទួលបានបទបញ្ជា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងការដឹកនាំបញ្ជាដោយផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញភ្លាមៗអាជ្ញាធរ និងជំនាញពាក់ព័ន្ធ បានគិតគូរជ្រើសរើសទីតាំងសម្រាប់រៀបចំធ្វើជាកន្លែងបូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ19 ដោយគិតគូរពីសុវត្ថិភាព និងមិនឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនោះ ទើបពិនិត្យ និងសម្រេចឃើញថា មានតែទីតាំងមូលដ្ឋានក្នុងស្រុកឱរ៉ាល់ នៃខេត្តកំពង់ស្ពឺនោះទេ ដែលផ្ដល់សុវត្ថិភាព និងជាជម្រើសល្អនៅក្នុងការបង្កើតឱ្យមានជាទីតាំងសម្រាប់បូជាសព អ្នកដែលស្លាប់ដោយសារជំងឺកូវីដ19នេះ ដោយសារទីនោះ មិនប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋឡើយ។

លោក ម៉េត មាសភក្ដី បានបន្ថែមថា បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំផ្ទៃដីទំហំប្រមាណ១០ហិកតា និងឡរជាបច្ឆាបច្ចេកទេសស្តង់ដារចំនួន០៦ សម្រាប់ត្រៀមបូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-19នេះ គឺស្ថិតក្នុងស្រុកឱរ៉ាល់ នៃខេត្តកំពង់ស្ពឺ ដូចដែលបានសិក្សា និងគិតគូរនោះ។

លោក ម៉េត មាសភក្ដី បានគូសបញ្ជាក់បន្ថែមថា ទោះបីមកដល់ពេលនេះការរីករាលដាល នៃជំងឺកូវីដ19 នៅតែបន្តមាន និងមានអ្នកស្លាប់ម្នាក់ក្ដី ក៏ភូមិសាស្ត្ររាជធានីភ្នំពេញ មិនត្រូវបានប្រកាសបិទ ឬផ្អាកចរាចរណ៍តំបន់ណាឡើយ លើកលែងតែទីតាំងប្រមាណជា ១០០ទីតាំង ដែលមានដូចជាផ្ទះ ឬខុនដូជាដើម មានអ្នកពាក់ព័ន្ធកំពុងរស់នៅ និងធ្វើចត្តាឡីស័កប៉ុណ្ណោះ ដែលត្រូវបានហ៊ុព័ន្ធទីនោះ ព្រោះថា រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចជាស្រេច ចំពោះការដោះស្រាយសភាពការណ៍បន្ទាន់ៗ ទាំងការរៀបចំទីតាំងធ្វើចត្តាឡីស័ក ទីតាំងព្យាបាល ពិសេស គឺការការពារសន្តិសុខសណ្ដាប់ធ្នាប់តំបន់ពាក់ព័ន្ធទាំងនោះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ