វ៉ាស៊ីនតោន៖ កងទ័ពជើងទឹកអាមេរិកបានអះអាងច្បាស់ៗថា ទាហានណាដែលមិនព្រមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នឹងត្រូវបណ្តេញចេញពីកងកម្លាំង នៅមុនថ្ងៃផុតកំណត់ទី ២៨ ខែវិច្ឆិកា សម្រាប់ការចាក់វ៉ាក់សាំង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារ CNA នៅថ្ងៃទី១៥ តុលា ២០២១៕
កងទ័ពជើងទឹកបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ដោយហេតុថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឥឡូវនេះក្លាយជាកាតព្វកិច្ចសម្រាប់សមាជិកយោធាទាំងអស់នោះ កងទ័ពជើងទឹកបានប្រកាសពីផែនការចាប់ផ្តើមដំណើរការបណ្តេញចេញចំពោះអ្នកដែលមិនព្រមចាក់វ៉ាក់សាំង ដោយគ្មានការរង់ចាំ ឬការលើកលែងឡើយ។ កងទ័ពជើងទឹកបាននិយាយថា ៩៨ ភាគរយនៃសមាជិកសកម្ម ៣៥ ម៉ឺននាក់របស់ខ្លួនបានចាប់ផ្តើម ឬបញ្ចប់ដំណើរការចាក់វ៉ាក់សាំង។
យ៉ាងណាមិញ សម្រាប់កម្លាំងយោធាអាមេរិកសរុបទាំងអស់វិញ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក ចន ឃើប៊ី បាននិយាយថា ៩៦,៧ ភាគរយនៃទាហានជិត ១,៤ លាននាក់បានទទួលវ៉ាក់សាំងយ៉ាងហោចណាស់មួយដូស និង ៨៣,៧ ភាគរយបានពីរដូស៕