G7 ជំរុញឱ្យក្រុមតាលីបង់លុបចោលបម្រាមលើស្ត្រីអាហ្វហ្គានីស្ថាន ដែលហាមមិនឲ្យធ្វើការឱ្យអង្គការក្រៅរដ្ឋាភិបាល
អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេស G7 បានទាមទារ «លុបចោលជាបន្ទាន់» នៃការហាមឃាត់របស់រដ្ឋាភិបាលតាលីបង់ លើស្ត្រីអាហ្វហ្គានីស្ថានដែលធ្វើការឱ្យអង្គការក្រៅរដ្ឋាភិបាល និងអង្គការសហប្រជាជាតិក្នុងប្រទេសអាហ្វហ្គានីស្ថាន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃ ទី១៩ ខែមេសា ឆ្នាំ២០២៣។
អ្នកការទូតជាន់ខ្ពស់នៃប្រទេស G7 បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចពិភាក្សាពីរថ្ងៃនៅក្នុងប្រទេសជប៉ុនថា «យើងអំពាវនាវឱ្យមានការបដិសេធភ្លាមៗនៃការសម្រេចចិត្តដែលមិនអាចទទួលយកបាន ដែលរឹតត្បិតសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន រួមទាំងការហាមឃាត់ស្ត្រីអាហ្វហ្គានីស្ថាននាពេលថ្មីៗនេះ មិនឱ្យធ្វើការឱ្យអង្គការក្រៅរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ»។
ក្រុមប្រទេស G7 ក៏បានថ្កោលទោសអាជ្ញាធរតាលីបង់ ជុំវិញការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធលើស្ត្រី និងកុមារី និងការរើសអើងប្រឆាំងនឹងសមាជិកសាសនា និងជនជាតិភាគតិច»។
ក្រោមការបកស្រាយយ៉ាងតឹងរឹងរបស់ពួកគេអំពីសាសនាឥស្លាម អាជ្ញាធរតាលីបង់បានដាក់កម្រិតមួយចំនួនលើស្ត្រីអាហ្វហ្គានីស្ថាន ចាប់តាំងពីការដណ្តើមអំណាចក្នុងឆ្នាំ២០២១ រួមទាំងការរារាំងពួកគេពីការអប់រំថ្នាក់ឧត្តម និងការងាររដ្ឋាភិបាលជាច្រើន។
កាលពីខែធ្នូ ពួកគេបានហាមស្ត្រីមិនឲ្យធ្វើការឲ្យអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក និងបរទេស។ ហើយកាលពីថ្ងៃទី០៤ ខែមេសាកន្លងទៅនេះ ការហាមប្រាមត្រូវបានពង្រីកទៅកាន់ការិយាល័យអង្គការសហប្រជាជាតិទូទាំងប្រទេស ដែលបង្កឱ្យមានការរិះគន់ជាអន្តរជាតិ៕