អ៊ុយក្រែន ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានធ្វើដំណើរទៅកាន់ទីក្រុងគៀវ ប្រទេសអ៊ុយក្រែន ដោយមិនបានជូនដំណឹងជាមុនឡើយ ។ គេចាត់ទុកថា វាជាសញ្ញាដែលអាមេរិក និងប្រទេសលោកខាងលិចនឹងនាំមុខជាអ្នកគាំទ្រអ៊ុយក្រែនបន្តទៀត ខណៈសង្គ្រាមនៅអ៊ុយក្រែនជិតដល់គម្រប់ខួប១ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន TNN World នៅថ្ងៃទី២១ កុម្ភៈ ២០២៣។

លោក ចូ បៃដិន បានធ្វើដំណើរទៅកាន់អ៊ុយក្រែនជាលើកដំបូង ចាប់តាំងពីកងទ័ពរុស្ស៊ីវាយលុកអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ។ ការមកកាន់ទីក្រុងគៀវលើកនេះ វាជារឿងគួរឱ្យភ្ញាក់ផ្អើលណាស់ ខណៈលោកមិនបានជូនដំណឹងជាមុនពីការធ្វើដំណើរ ។ កាលពីសប្តាហ៍កន្លងមក អ្នកនាំពាក្យសន្តិសុខជាតិប្រចាំសេតវិមាន លោក John Kirby បញ្ជាក់ថា មេដឹកនាំអាមេរិកគ្មានគម្រោងធ្វើដំណើរទៅអ៊ុយក្រែនទេ បើទោះជាលោកនឹងធ្វើដំណើរទៅប្រទេសប៉ូឡូញ ដែលនៅជិតគ្នាក្តី ។

សេតវិមានបានផ្សព្វផ្សាយសេចក្តីថ្លែងការណ៍របស់លោក ចូ បៃដិន ក្នុងឱកាសលោកទៅកាន់ទីក្រុងគៀវរបស់អ៊ុយក្រែនថា លោក បៃដិន មានគម្រោងជួបលោកប្រធានាធិបតីអ៊ុយក្រែន Vodimir Zelensky នៅទីក្រុងគៀវ ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តគាំទ្រអ៊ុយក្រែនសម្រាប់ប្រជាធិបតេយ្យ និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ។ សេចក្តីថ្លែងការណ៍បញ្ជាក់ទៀតថា នៅពេលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បើកឆាកវាយលុកអ៊ុយក្រែនជិត១ឆ្នាំ លោក បៃដិន គិតថា អ៊ុយក្រែនទន់ខ្សោយ ហើយប្រទេសលោកខាងលិចបែកបាក់គ្នា ប៉ុន្តែលោកគិតខុស ។

លោក បៃដិន បន្ថែមថា អាមេរិកនឹងផ្តល់ជំនួយកងទ័ពជាថ្មីដល់អ៊ុយក្រែនក្នុងទឹកប្រាក់ចំនួន៥០០លានដុល្លារអាមេរិក រួមទាំងគ្រាប់កាំភ្លើងធំសម្រាប់ Haimars ប្រព័ន្ធប្រឆាំងរថពាសដែក និងរ៉ាដាស៊ើបការណ៍អាកាសផងដែរ ហើយនៅសប្តាហ៍នេះ អាមេរិកនឹងប្រកាសដាក់ទណ្ឌកម្មបន្ថែមទៀតដល់មន្ត្រីជាន់ខ្ពស់ និងក្រុមហ៊ុនដែលព្យាយាមជួយរុស្ស៊ីរឿងអាវុធ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ