ញូវយ៉ក៖ ស្របពេលការវាយប្រយុទ្ធគ្នា កាន់តែខ្លាំងឡើង រវាងកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន និង កម្លាំងទាហានរុស្ស៊ី នោះ ប្រមុខអង្គការសហប្រជាជាតិ មានសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែមានការរំពឹងទុក អំពីការកើនឡើង នៃជម្លោះ និង ការបង្ហូរឈាមបន្ថែមទៀត នៅក្នុងសង្គ្រាមរបស់ក្រុងមូស្កូ ដែលកំពុងតែបន្ត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Aljazeera នៅថ្ងៃទី០៧ កុម្ភៈ ២០២៣។
លោក អង់តូនីញ៉ូ ហ្គូទែររ៉េស (General Antonio Guterres) អគ្គលេខាធិការ អង្គការសហប្រជាជាតិ (UN) បានព្រមានទៅដល់ពិភពលោក ថា សង្គ្រាមអាចនឹងរីករាលដាល កាន់តែធំឡើង ដោយសារហានិភ័យ នៃជម្លោះ រវាងរុស្ស៊ី និង អ៊ុយក្រែន កំពុងតែមានសភាពខ្លាំងក្លាឡើង។
នៅក្នុងសុន្ទរកថា ថ្លែងទៅកាន់មហាសន្និបាត អង្គការសហប្រជាជាតិ ដែលមានសមាជិក ចំនួន១៩៣ប្រទេស កាលពីថ្ងៃចន្ទ ដោយបង្ហាញពីអាទិភាព សម្រាប់ឆ្នាំ២០២៣នោះ លោក Guterres បានរិះគន់ដល់ការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន ដោយនិយាយថា សង្រ្គាមបាននាំមកនូវការឈឺចាប់ ដែលមិនអាចនិយាយបាន ដល់ប្រជាជនអ៊ុយក្រែន ជាមួយនឹងផលប៉ះពាល់ ជាសកលយ៉ាងជ្រាលជ្រៅបំផុត។
ប្រមុខអង្គការសហប្រជាជាតិ បានបញ្ជាក់ ថា «ការរំពឹងទុកទៅលើសន្ដិភាព កំពុងតែថយចុះ ខណៈឱកាសបង្កើនជម្លោះ និង ការបង្ហូរឈាម កំពុងតែកើនឡើង។ ខ្ញុំបារម្ភ ថា ពិភពលោកមិនអាចដេកលក់ នៅក្នុងសង្រ្គាមកាន់តែធំ៕