ញូវដែលី៖ មេដឹកនាំផ្នែកសន្តិសុខឥណ្ឌាមានការព្រួយបារម្ភថា ការស៊ើបការណ៍សម្ងាត់អាចត្រូវបានសម្របសម្រួលដោយគ្រឿងបរិក្ខាផលិតដោយប្រទេសចិន នៅក្នុងមុខងារទំនាក់ទំនងរបស់យន្តហោះដ្រូន កាមេរ៉ា វិទ្យុទាក់ទង និងកម្មវិធីប្រតិបត្តិការ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The Straits Times នៅថ្ងៃទី១០ មិថុនា ២០២៣។

ប៉ុន្មានខែថ្មីៗនេះ ប្រទេសឥណ្ឌាបានរារាំងក្រុមហ៊ុនផលិតយន្តហោះដ្រូនយោធាក្នុងស្រុក ពីការប្រើប្រាស់សមាសធាតុដែលផលិតនៅក្នុងប្រទេសចិន ជុំវិញការព្រួយបារម្ភអំពីភាពងាយរងគ្រោះផ្នែកសន្តិសុខ។ 

វិធានការនេះកើតឡើងចំពេលមានភាពតានតឹងរវាងប្រទេសជិតខាងប្រដាប់អាវុធនុយក្លេអ៊ែរទាំងពីរ និងខណៈដែលឥណ្ឌាបន្តធ្វើទំនើបកម្មផ្នែកយោធារបស់ខ្លួន។

ប្រទេសឥណ្ឌាបានត្រៀមថវិកាចំនួន ១.៦ទ្រីលានរូពី ឬប្រមាណ ២២ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើទំនើបកម្មយោធាក្នុងឆ្នាំ ២០២៣-២០២៤ ដែលក្នុងនោះ ៧៥ភាគរយត្រូវបានបម្រុងទុកសម្រាប់ឧស្សាហកម្មក្នុងស្រុក។

គួរបញ្ជាក់ផងដែរថា ការហាមប្រាមលើការបញ្ជាទិញគ្រឿងបន្លាស់របស់ចិន បានបង្កើនថ្លៃដើមផលិតយន្តហោះដ្រូនយោធាក្នុងស្រុករបស់ឥណ្ឌា ដោយបង្ខំឱ្យក្រុមហ៊ុនផលិតគ្រឿងបន្លាស់មកពីប្រភពនៅកន្លែងផ្សេងទៀត នេះបើតាមការអះអាងពីរដ្ឋាភិបាល និងអ្នកជំនាញឧស្សាហកម្ម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ