ភ្នំពេញ ៖ អ្នកជំនាញពាក់ព័ន្ធ បានលើកឡើងថា ការដំឡើងពន្ធថ្នាំជក់នឹងជួយសម្រាលបន្ទុករាជរដ្ឋាភិបាល ជាពិសេសអាចកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ឱ្យមកនៅកម្រិតទាប  ខណៈដែលការប្រើប្រាស់ថ្នាំជក់បង្កឱ្យខាត់បង់សេដ្ឋកិច្ច និងប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ដែលជាបន្ទុកសម្រាប់រាជរដ្ឋាភិបាលត្រូវដោះស្រាយ។

ថ្លែងក្នុងសិក្ខាសាលាស្ដីពីវិធានការមានប្រសិទ្ធភាពកាត់បន្ថយហានិភ័យបណ្ដាលមកពីការប្រើប្រាស់ថ្នាំជក់ នាព្រឹកថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២២ នៅមណ្ឌលគរុកោសល្យភូមិភាគហ៊ុនសែន ខេត្ដកណ្ដាលលោកស្រី សាន អរុណ អនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ មានប្រសាសន៍ថា ការតម្លើងពន្ធលើផលិតផលថ្នាំជក់ និងជួយធ្វើឱ្យប្រជាពលរដ្ឋឈប់ចំណាយថវិកា ទិញបារី និងចៀសផុតពីជំងឺផ្សេងៗ។ការប្រើប្រាស់ថ្នាំជក់បង្កឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ និងមានទំហំធំធេង ដែលជាបន្ទុកសម្រាប់រាជរដ្ឋាភិបាលដោះស្រាយ។

លោកស្រី បណ្ឌិត សឿ សុជាតា  អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុកថា បារីពិតជាបានគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ ដូច្នេះលោកស្រី បានណែនាំឱ្យយុវជនទាំងអស់កុំប្រើប្រាស់បារី ហើយក៏លោកជំទាវ ក៏បានទឹកចិត្តដល់រាជរដ្ឋាភិបាលឱ្យតម្លើងពន្ធលើផលិតផលថ្នាំជក់នេះផងដែរ។

លោក វេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្ដិអង្គការចលនាដើម្បីសុខភាពកម្ពុជា បានឱ្យដឹងថា ការតម្លើងពន្ធថ្នាំជក់នេះ គឺជាវិធានការឈ្នះ ឈ្នះ ទាំងអស់គ្នា សម្រាប់សុខភាពសាធារណៈ និងសម្រាប់រាជរដ្ឋាភិបាល ហើយ ការដំឡើងពន្ធនឹងជួយឱ្យប្រជាពលរដ្ឋឈប់ចំណាយថវិកាទិញបារី និងកាត់បន្ថយយុវជនពីការចង់សាកល្បងប្រើប្រាស់បារីផងដែរ។ មានន័យថាយើងអាចបង្ការពួកគាត់ពីការឈឺ ស្លាប់ ពិការដែលបង្កពីការប្រើប្រាស់ថ្នាំជក់បាន។ ម្យ៉ាងវិញទៀតរដ្ឋាភិបាលនឹងទទួលបានចំណូលពន្ធបន្ថែមផងដែរ។

តាមបទពិសោធន៍របស់ប្រទេសក្នុងតំបន់អាស៊ាន ដូចជា ប្រទេសថៃ ហ្វីលីពីន សិង្ហបុរី បានបង្ហាញថា ការដាក់ចេញនូវវិធានការតម្លើងពន្ធថ្នាំជក់ ធ្វើឱ្យរាជរដ្ឋាភិបាលទទួលបានចំណូលពន្ធកើនឡើង ព្រមទាំងជួយបង្ការប្រជាពលរដ្ឋពីជំងឺដែលបង្កដោយការប្រើប្រាស់ថ្នាំជក់ទៀតផង។

តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានចូលរួមសិក្ខាសាលានេះ បានឱ្យដឹងថា រាជរដ្ឋាភិបាលបានកំពុងគិតគូរបញ្ហានេះដែរហើយ គ្រាន់តែទាមទារពេលវេលា និងសិក្សាផលប៉ះពាល់ឱ្យបានច្បាស់លាស់សិន ខណៈដែលការដំឡើងពន្ធនេះ រាជរដ្ឋាភិបាលមិនអាចមើលតែមួយជ្រុងបានទេ គឺត្រូវធ្វើជាកញ្ចប់ លើវិស័យពាក់ព័ន្ធទាំងអស់។

បើតាមអង្គការសុខភាពពិភពលោក ជារៀងរាល់ឆ្នាំកម្ពុជាខាតបង់ថវិកាប្រមាណ ៦៦៣លានដុល្លារសហរដ្ឋអាមេរិក ស្មើនឹង៣% នៃ GDP ដោយសារតែការប្រើប្រាស់ថ្នាំជក់។ ប្រជាពលរដ្ឋប្រមាណ ១៥ ០០០ ស្លាប់ដោយសារតែជំងឺដែលបង្កពីការប្រើប្រាស់ថ្នាំជក់ រួមមានជំងឺដាច់សរសៃខួរក្បាល សរសៃឈាមបេះដូង ផ្លូវដង្ហើមរ៉ាំរ៉ៃ មហារីក និងទឹកនោមផ្អែមជាដើម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ