ចិនចាត់វិធានការសងសឹកភ្លាមៗ ទៅជប៉ុននិងកូរ៉េខាងត្បូង ដែលដាក់កំហិតការធ្វើដំណើរលើអ្នកដំណើរចិន
ប៉េកាំង៖ ចិនបានចាប់ផ្តើមចេញចំណាត់ការសងសឹកប្រឆាំងជប៉ុននិងកូរ៉េខាងត្បូង ដែលបានអនុវត្តការរឹតត្បិតលើអ្នកដំណើរមកពីប្រទេសចិន ពាក់ព័ន្ធជំងឺកូវីដ១៩។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១១ មករា ២០២៣។
ស្ថានទូតចិនប្រចាំទីក្រុងសេអ៊ូល បានប្រកាសថា ខ្លួនសម្រេចផ្អាកការចេញទិដ្ឋាការរយៈពេលខ្លី ឱ្យអ្នកដំណើរមកពីកូរ៉េខាងត្បូង។ រីឯទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ (Kyodo) បានរាយការណ៍ថា ទីក្រុងប៉េកាំងក៏បានអនុវត្តចំណាត់ការស្រដៀងគ្នាប្រឆាំងជប៉ុនដែរ។
ស្ថានទូតចិនបាននិយាយថា ខ្លួននឹងកែសម្រួលគោលការណ៍ផ្តល់ទិដ្ឋាការថ្មីចុងក្រោយនេះ ដោយស្របទៅតាមការដកចេញវិញ នូវអ្វីដែលខ្លួនហៅថា «ការរឹតត្បិតបែបរើសអើង» ពាក់ព័ន្ធការចូលក្នុងប្រទេសកូរ៉េខាងត្បូង។ បើតាម Kyodo ទីក្រុងប៉េកាំងក៏បានប្រាប់បណ្តាទីភ្នាក់ងារទេសចរណ៍ថា ខ្លួនសម្រេចឈប់ចេញទិដ្ឋាការថ្មីៗនៅជប៉ុនផងដែរ។
គួរបញ្ជាក់ថា ជប៉ុននិងកូរ៉េខាងត្បូង បានចូលរួមជាមួយប្រទេសមួយចំនួនទៀត រួមមានទាំងសហរដ្ឋអាមេរិក ដែលបានកំណត់ឱ្យអ្នកដំណើរមកពីប្រទេសចិន ត្រូវបង្ហាញលទ្ធផលអវិជ្ជមាននៃការធ្វើតេស្តរកជំងឺកូវីដ១៩។ ចិនបានចាប់ផ្តើមបើកព្រំប្រទល់របស់ខ្លួនទាំងស្រុងឡើងវិញ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន៕