ចិន៖ ក្រុមហ៊ុន China Mobile របស់ប្រទេសចិន បានសម្រេចនូវរបកគំហើញបច្ចេកវិទ្យាដ៏សំខាន់មួយ នៅពេលដែលបានបាញ់បង្ហោះដោយជោគជ័យនូវផ្កាយរណបដំបូងគេរបស់ពិភពលោក ដែលត្រូវបានរចនាឡើងដើម្បីសាកល្បងបណ្តាញ 6G ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន China Daily នៅថ្ងៃទី០៦ កុម្ភ: ២០២៣។

កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាម China Daily បានឱ្យដឹងថា ក្រុមហ៊ុនទូរគមនាគមន៍ចិន China Mobile ដែលជាប្រតិបត្តិករបណ្តាញដ៏ធំបំផុតរបស់ពិភពលោកទាក់ទងនឹងចំនួនអ្នកជាវទូរស័ព្ទចល័តបានបាញ់បង្ហោះដោយជោគជ័យនូវផ្កាយរណបដំបូងគេរបស់ពិភពលោកដែលត្រូវបានរចនាឡើងដើម្បីសាកល្បងបច្ចេកវិទ្យាបណ្តាញ 6G ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងយល់ពីបច្ចេកវិទ្យាទំនាក់ទំនងក្នុងលំហ និងដីរួមបញ្ចូលគ្នា។

ផ្កាយរណបសាកល្បងគន្លងផែនដីទាបនេះគឺជាផ្កាយរណបដំបូងគេរបស់ពិភពលោកដែលប្រើប្រាស់បច្ចេកវិទ្យាបណ្តាញ 6G ហើយវាត្រូវបានបាញ់បង្ហោះដោយជោគជ័យកាលពីថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០២៤ រួមជាមួយនឹងផ្កាយរណបមួយផ្សេងទៀតដែលបំពាក់ដោយបច្ចេកវិទ្យា 5G ពីក្រុមហ៊ុនចិន China Mobile ។ ប្រព័ន្ធនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន China Mobile និងវិទ្យាស្ថាន Microsatellite Innovation នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន។

ក្រុមហ៊ុន China Mobile បាននិយាយថា ប្រព័ន្ធនេះប្រើប្រាស់ផ្នែកទន់ និងផ្នែករឹងក្នុងស្រុក គាំទ្រការបង្កើតឡើងវិញនូវកម្មវិធីនៅលើគន្លង ការដាក់ពង្រាយដែលអាចបត់បែនបាននៃមុខងារបណ្តាញស្នូល និងការគ្រប់គ្រងដោយស្វ័យប្រវត្តិ ការកែលម្អប្រសិទ្ធភាពនិងភាពជឿជាក់ក្នុងប្រតិបត្តិការនៃបណ្តាញស្នូលផ្កាយរណបក្នុងគន្លង។ ដាក់នៅរយៈកម្ពស់គន្លងប្រហែល ៥០០km ផ្កាយរណបសាកល្បងទាំងនេះផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដូចជា latency ទាប និងល្បឿនបញ្ជូនទិន្នន័យខ្ពស់ បើប្រៀបធៀបទៅនឹងផ្កាយរណបគន្លងកម្ពស់ខ្ពស់នៅរយៈកម្ពស់ ៣៦,០០០km។

យោងតាមក្រុមហ៊ុន China Mobile បានឱ្យដឹងទៀតថា ផ្កាយរណបក្នុងគន្លងផែនដីទាបត្រូវបានដាក់ជាវេទិកាដ៏សំខាន់សម្រាប់បណ្តាញអវកាស និងបណ្តាញដីរួមបញ្ចូលគ្នានាពេលអនាគត។ ផ្កាយរណបប្រភេទនេះអាចដោះស្រាយភាពទន់ខ្សោយនៃរលកសញ្ញាទូរគមនាគមន៍នៃបណ្តាញទូរស័ព្ទចល័តនៅលើដី ខណៈពេលដែលផ្តល់សេវាអ៊ីនធឺណិតតាមផ្កាយរណបកម្រិតបញ្ជូនខ្ពស់នៅទូទាំងពិភពលោក។ ក្រុមហ៊ុន China Mobile បានបន្ថែមថា ខ្លួនគ្រោងនឹងធ្វើការពិសោធន៍ក្នុងគន្លងតារាវិថី ដោយផ្អែកលើផ្កាយរណបសាកល្បងទាំងនេះ ដោយបង្កើនល្បឿននៃការធ្វើសមាហរណកម្ម និងការអភិវឌ្ឍន៍ឧស្សាហកម្មបច្ចេកវិទ្យាអវកាស-ដី៕RT

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ