ប៉េងកាំង៖ ចិនបានចេញបញ្ជាហាមមិនអោយមន្ត្រីនៅតាមទីភ្នាក់ងារកណ្តាលរបស់រដ្ឋាភិបាលប្រើទូរស័ព្ទ iPhones របស់ក្រុមហ៊ុនAppleនិងនាំឧបករណ៍ម៉ាកបរទេសដទៃទៀតចូលកន្លែងធ្វើការ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Wall Street Journal នៅថ្ងៃទី០៦ កញ្ញា ២០២៣។

សារព័ត៌មាន WSJបាននិយាយថា បទបញ្ជានេះត្រូវបានមេកើយប្រាប់ទៅបុគ្គលិកនិយោជិតនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ តែវាមិនច្បាស់ថាតើបទបញ្ជាបែបនេះនឹងត្រូវផ្សព្វផ្សាយទូលំទូលាយកំរិតណា។ របាយការណ៍មិនបាននិយាយក្រុមហ៊ុនណាក្រៅពីApple ហើយការិយាល័យព័ត៌មាននៃក្រុមប្រឹក្សារដ្ឋចិន ក៏មិនអាចសុំផ្តល់ការបញ្ជាក់បានដែរ។

សូមបញ្ជាក់ថា នៅប៉ុន្មានឆ្នាំមកនេះចិនកាន់តែបារម្ភអំពីសន្តិសុខទិន្នន័យនិងបានដាក់ចេញច្បាប់ថ្មីៗរួមទាំងបទបញ្ជាសំរាប់ក្រុមហ៊ុន។កាលពីខែឧសភា ចិនបានសុំអោយសហគ្រាសរដ្ឋចិនធំៗដើរតួនាទីសំខាន់មួយក្នុងយុទ្ធនាការរបស់រដ្ឋាភិបាលកណ្តាលដើម្បីសំរេចបានការពឹងលើខ្លួនឯងខាងបច្ចេកវិទ្យា ចំពេលមានការបែកបាក់កាន់តែខ្លាំងជាមួយអាម៉េរិក។

ភាពតានតឹងចិន-អាម៉េរិកបានកើនឡើងខ្លាំងនៅពេលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនធ្វើការជាមួយសម្ពន្ធមិត្តដើម្បីបិទខ្ទប់មិនអោយចិនទទួលបានគ្រឿងឧបករណ៍ចាំបាច់ដើម្បីរក្សាឧស្សាហកម្មឈីបរបស់ខ្លួនអោយមានការប្រកួតប្រជែង និងរដ្ឋាភិបាលទីក្រុងប៉េកាំងបានរឹតត្បិតការនាំចេញពីក្រុមហ៊ុនអាម៉េរិកសំខាន់ៗដូចជាBoeingនិងក្រុមហ៊ុនបច្ចេកវិទ្យាឈីប Micron Technology។

រំលឹកថាកាលពីខែមីនា មន្ត្រីវិមានក្រឹមឡាំងក៏បានហាមមន្ត្រីនៅជុំវិញលោកពូទីនប្រើiPhoneផងដែរដោយសារការបារម្ភអំពីសន្តិសុខ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ