រដ្ឋធានីដាកា៖ ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ជាង១លាននាក់ បានរត់ភៀសខ្លួន គេចចេញពីការបង្ក្រាបយ៉ាងឃោរឃៅ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ទៅសុំសិទ្ធិជ្រកកោន នៅក្នុងប្រទេសបង់ក្លាដែស ឥឡូវនេះ ពួកគេកំពុងតែជួបនឹងគ្រោះអាសន្នបន្ថែមទៀត ដោយសារតែភ្លើងឆេះជំរំស្នាក់នៅរបស់ពួកគេ ធ្វើឲ្យខូចខាតខ្ទម អស់ជាង២០០០ខ្នង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Al Jazeera នៅថ្ងៃទី០៦ មីនា ២០២៣។

បើតាមមន្រ្ដីពន្លត់អគ្គិភ័យ និង មន្រ្ដីអង្គការសហប្រជាជាតិ បានអះអាង ថា គ្រោះអគ្គិភ័យដ៏ធំ បានឆាបឆេះពាសពេញជំរំជនភៀសខ្លួនជនជាតិរ៉ូហ៊ីងយ៉ា ស្ថិតនៅតំបន់ភាគខាងត្បូង ប្រទេសបង់ក្លាដេស។ គ្រោះអគ្គិភ័យនេះ បានបណ្ដាលឲ្យមនុស្សរាប់ម៉ឺននាក់ អត់មានផ្ទះស្នាក់នៅ។

គួរបញ្ជាក់ផងដែរថា ខ្ទមស្នាក់នៅរបស់ជនភៀសខ្លួនរបស់ជនជាតិរ៉ូហ៊ីងយ៉ា មានមនុស្សចន្លោះពី៤ទៅ៥នាក់ រស់នៅក្នុងខ្ទមនីមួយៗ ហើយមានមនុស្សយ៉ាងតិច ត្រឹមពាក់កណ្ដាល ជាស្រ្ដី និង កុមារ។ ប៉ុន្ដែក្រុមមន្រ្ដីពន្លត់អគ្គិភ័យ និង សង្គ្រោះ នៅមិនទាន់បានរាយការណ៍ អំពីចំនួនមនុស្សរងគ្រោះថ្នាក់ និង មូលហេតុ នៃការកើតគ្រោះអគ្គិភ័យនេះនៅឡើយ ហើយពួកគេកំពុងតែស្វែងរកមនុស្សទាំងនោះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ