ប្រធានាធិបតីបារាំងនឹងធ្វើដំណើរទៅចិន ដើម្បីពិភាក្សាពីការបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន
បារាំង ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron នឹងធ្វើដំណើរទៅប្រទេសចិនជាផ្លូវការនៅខែមេសា ឆ្នាំ២០២៣ ដើម្បីពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង អំពីការបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលអូសបន្លាយអស់រយៈពេលជាង១ឆ្នាំ ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន France24 នៅថ្ងៃទី២៧ កុម្ភៈ ២០២៣។
ការប្រកាសពីគម្រោងធ្វើដំណើរនេះ ក្រោយពីរដ្ឋាភិបាលចិនប្រកាសគោលជំហររបស់ខ្លួនអំពីវិបត្តិនៅអ៊ុយក្រែន តាមរយៈផែនការសន្តិភាព១២ចំណុចកាលពីថ្ងៃទី២៤ ខែកុម្ភៈ កន្លងមក ។ ចិនបង្ហាញថា ចិនគាំទ្រការចរចាសន្តិភាព ព្រមទាំងបញ្ជាក់ថា អធិបតេយ្យភាពនៃប្រទេសទាំងអស់ក្នុងសហគមន៍ពិភពលោក ចាំបាច់ត្រូវទទួលបានការគោរព ហើយចិនក៏ប្រឆាំងនឹងការប្រើអាវុធនុយក្លេអ៊ែរក្នុងសង្គ្រាមនេះផងដែរ ។
លោក Macron បញ្ជាក់ថា ពិតណាស់ថា ប្រទេសចិនកំពុងគាំទ្រសន្តិភាពនោះវាជារឿងល្អ ហើយសន្តិភាពនឹងកើតឡើងបាន បើកងទ័ពរុស្ស៊ីឈប់ចូលឈ្លានពានអ៊ុយក្រែន មានការដកកងកម្លាំងទ័ពពីអ៊ុយក្រែន រួមទាំងបូរណភាពទឹកដី និងសំឡេងរបស់ពលរដ្ឋអ៊ុយក្រែនទទួលបានការការពារ ។
យ៉ាងណាមិញ លោក Macron ថ្លែងថា «ចិនចាំបាច់ត្រូវជួយយើងដាក់សម្ពាធលើរុស្ស៊ី ដើម្បីមិនឱ្យមានការប្រើអាវុធគីមី ឬអាវុធជីវសាស្ត្រកើតឡើង ថែមទាំងបញ្ឈប់ការឈ្លានពាន និងគួរតែជាលក្ខខណ្ឌមួយសម្រាប់ការចរចាគ្នា»៕