កូរ៉េខាងត្បូង ៖ យោងតាមការចុះផ្សាយរបស់ Korea Times នៅថ្ងៃច័ន្ទ ទី១១ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ទន្លេហានដែលហូរកាត់ទីក្រុងសេអ៊ូលត្រូវបានប្រកាសថា «បានកកជាផ្លូវការ» កាលពីថ្ងៃសៅរ៍ថ្មីៗនេះ និងជាលើកដំបូងក្នុងរយៈពេល ២ឆ្នាំ ខណៈដែលទូទាំងកូរ៉េខាងត្បូង ត្រូវបានគ្របដណ្ដប់ដោយរលកត្រជាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ រដ្ឋបាលឧតុនិយមកូរ៉េ (KMA) បានប្រកាសថា ខ្លួនបានសង្កេតឃើញមានការកកើតទឹកកកជាលើកដំបូងនៅព្រឹកថ្ងៃសៅរ៍ ខណៈដែលរដ្ឋធានីនាពេលព្រឹកព្រលឹមមានសីតុណ្ហភាពធ្លាក់ចុះដល់ -១៦.៦ អង្សាសេ។

KMA បានពន្យល់ថា ការកកនៅក្នុងទន្លេហានគឺលឿនជាងមុន ៤ថ្ងៃ បើធៀបនឹងការកកជាមធ្យមក្នុងរយៈពេល ៣០ឆ្នាំ កន្លងមកនេះ ហើយការកកបែបនេះក៏ទើបតែមានជាលើកដំបូងក្នុងរយៈពេល ២ឆ្នាំចុងក្រោយ ដោយសារតែកាលពីឆ្នាំមុនក៏មិនមានការកកខ្លាំងបែបនេះដែរ។ ការសង្កេតអំពីភាពកកនៃទន្លេហានបានចាប់ផ្តើមនៅឆ្នាំ១៩០៦ ហើយផ្អែកលើការកកើតទឹកកកនៅជុំវិញសសរនៅកណ្តាលស្ពាន Hangang Grand ដែលជាស្ពានឆ្លងកាត់ចំណាស់ជាងគេបំផុត។

យ៉ាងណាមិញ ទីក្រុងសេអ៊ូលនិងតំបន់កណ្តាលជាច្រើនទៀត ត្រូវបានគេដាក់ឱ្យស្ថិតក្រោមការព្រមានពីរលកត្រជាក់ចាប់តាំងពីថ្ងៃពុធមក ខណៈសីតុណ្ហភាពទាបបំផុតប្រចាំថ្ងៃបានធ្លាក់ចុះក្រោម ២០អង្សាសេ។ ជម្រាបដែរថា ការព្រមានពីរលកត្រជាក់នឹងត្រូវបានចេញឡើង នៅពេលមានសីតុណ្ហភាពទាបនៅក្រោម ១៥អង្សាសេ អស់រយៈពេលជាង ២ ថ្ងៃជាប់ៗគ្នា ឬ នៅពេលដែលសីតុណ្ហភាពធ្លាក់ចុះយ៉ាងខ្លាំង ហើយការខូចខាតធំៗត្រូវបានគេរំពឹងទុក។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ