អន្តរជាតិ៖ នាវាចម្បាំងចុងក្រោយបង្អស់ “Admiral Gorshkov” របស់កងទ័ពជើងទឹករុស្សី ដែលមានបំពាក់មីស៊ីលល្បឿនលឿនជាងសម្លេង Tsirkon បានចាប់ផ្ដើមបេសកកម្មរយៈចម្ងាយឆ្ងាយ។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃទី០៥ មករា ២០២៣។ 

វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា មុនពេលការចាកចេញរបស់នាវាចម្បាំងនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានស្តាបរបាយការណ៍សង្ខេបរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សឺហ្គៃ សយហ្គូ និងមេបញ្ជាការនាវាចម្បាំង តាមរយៈតំណភ្ជាប់វីដេអូ។ 

លោក សយហ្គូ បាននិយាយថា នាវាពហុគោលបំណងដ៏ទំនើប ដែលមានសមត្ថភាពកំណត់ និងការវាយប្រហារដ៏ខ្លាំងក្លាប្រឆាំងនឹងគោលដៅកងទ័ពជើងទឹក និងជើងគោកនេះ នឹងធ្វើដំណើរឆ្លងកាត់មហាសមុទ្រអាត្លង់ទិក, សមុទ្រមេឌីទែរ៉ាណេ និងមហាសមុទ្រឥណ្ឌា។ 

ចំណែកមីស៊ីល Tsirkon ដែលអាចហោះក្នុងល្បឿនដ៏លឿន ហើយវាយប្រហារលើគោលដៅក្នុងរយៈចម្ងាយជាង ១,០០០គីឡូម៉ែត្រ អាចជ្រាបចូលទៅក្នុងប្រព័ន្ធការពារដែនអាកាស និងមីស៊ីលណាមួយក៏បាន។ 

យ៉ាងណាមិញ លោក ពូទីន បានលើកឡើងថា “ខ្ញុំប្រាកដថា គ្រឿងសព្វាវុធដ៏មានអានុភាពបែបនេះ នឹងអនុញ្ញាតឱ្យយើង ការពាររុស្ស៊ីយ៉ាងខ្ជាប់ខ្ជួន ពីការគំរាមកំហែងពីបរទេស ដែលមានសក្តានុពល។ វានឹងជួយរក្សាផលប្រយោជន៍ជាតិ របស់ប្រទេសយើង»៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ