នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ ប្រាប់វិធីសាស្ត្រចំនួន ៣! ដើម្បីបញ្ជាក់ថាគណនីហ្វេសប៊ុករបស់អ្នកមានសុវត្ថិភាព ១០០%
នាយកដ្ឋានព័ត៌មានវិទ្យា៖ បច្ចុប្បន្នបញ្ហានៃការលួចជ្រៀតចូលគ្រប់គ្រង់គណនីហ្វេសប៊ុកពីសំណាក់ជនអនាមិកនៅតែបន្តកើតមានឡើងគួរឲ្យកត់សម្គាល់។ គោលបំណងរបស់ជនអនាមិកគឺសង្ងំលួចប្រើប្រាស់គណនីហ្វេសប៊ុករបស់ជនរងគ្រោះ ដើម្បីប្រព្រឹត្តិបទល្មើសផ្សេងៗ ដូចជាបទល្មើសឆបោកប្រាក់ ឬលួចប្រើប្រាស់គណនីធនាគាររបស់ជនរងគ្រោះ
ជាដើម។
ជាការកត់សម្គាល់ម្ចាស់គណនីហ្វេសប៊ុកភាគច្រើន នៅមិនទាន់អាចដឹងច្បាស់ថាគណនីហ្វេសប៊ុករបស់ខ្លួនកំពុងតែប្រើប្រាស់នោះ មានសុវត្ថិភាព ១០០% នៅឡើយទេ។ ថ្ងៃនេះក្រុមការងារបច្ចេកទេស #នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ សូមធ្វើការបង្ហាញជូនអំពីវិធីសាស្ត្រចំនួន៣ ដែលជាមុខងាររបស់កម្មវិធីទូរស័ព្ទឆ្លាតវៃរបស់អ្នក (iOS App) ដើម្បីបញ្ជាក់ថាគណនីរបស់អ្នកមានសុវត្ថិភាពដូចជាខាងក្រោម៖
១. បើកកម្មវិធីហ្វេសប៊ុករួចចុចពាក្យ “Menu” នៅខាងស្តាំ និងខាងក្រោម នៃកម្មវិធីហ្វេសប៊ុក។
២. អូសមកក្រោម រួចចុចលើពាក្យ “Privacy and Security” ដែលមានសញ្ញា ⚙️ (កងចក្រ)។
៣. ចុចចូលទៅកាន់ “Privacy shortcuts” ត្រង់ចំនុន “Privacy” ចូលទៅកាន់ “Take a Privacy Checkup”។
៤. ត្រង់កន្លែង “Privacy Checkup” ហ្វេសប៊ុកមាន ៦ មុខងារ ដែលលោកអ្នកអាចធ្វើការពិនិត្យ និងកំណត់ពីឯកជនភាពរបស់លោកអ្នកលើបណ្តាញទំនាក់ទំនងសង្គម ប៉ុន្តែចំពោះមុខងារសុវត្ថិភាព ចុចលើពាក្យ “How to keep account secure” រួចធ្វើការអនុវត្តតាមការណែនាំ ៣ជំហាន ដើម្បីបើកដំណើរការមុខងារសុវត្ថិភាពគឺ៖
ជំហានទី១- ពាក្យសម្ងាត់ (Your password)៖ សូមធ្វើការប្តូរពាក្យសម្ងាត់ ដែលជាពាក្យសម្ងាត់រឹងមាំ (ស្វែងយល់ពីការបង្កើតបានពាក្យសម្ងាត់រឹងមាំ https://shorturl.at/bdCSY)។
ជំហានទី២- ដាក់ពាក្យសម្ងាត់ពីរជាន់ (Two-factor authentication) (ស្វែងយល់ពីការដំឡើងមុខងារ Two-factor authentication : https://shorturl.at/ampG1)។
ជំហានទី៣- ដាក់ការជូនដំណឹងពេលមានការចូលគណនី (Login alert) ដើម្បីទទួលបានការជូនដំណឹងអំពីសុវត្ថិភាពនៅពេលមានការព្យាយាម )Login) ចូលប្រើប្រាស់គណនីហ្វេសប៊ុករបស់អ្នក។
សូមបញ្ជាក់ផងដែលថា បន្ទាប់ពីអនុវត្ត និងបើកដំណើរការមុខងារ៣ជំហានខាងលើរួចរាល់ហើយ លោកអ្នកក៏ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះល្បិច លួងលោមបោកបញ្ឆោតឲ្យលោកអ្នកផ្តល់ទិន្នន័យសំខាន់របស់ខ្លួនទៅកាន់ជនអនាមិកផងដែរ ដូចជាល្បិចកលជម្រុញឲ្យជនរងគ្រោះចុចលើតំណភ្ជាប់ក្លែងក្លាយ (scams link) ជាដើម៕
#Facebook #Security #TwoStepVerification #secure #ITDepartment #MoI