វែនីស៖ យ៉ាងហោចណាស់មនុស្ស ២១នាក់ រួមទាំងកុមារ ២នាក់ និងអ្នកទេសចរបរទេសបានបាត់បង់ជីវិត និងជាច្រើននាក់ទៀតបានរងរបួស នៅថ្ងៃទី៣ ខែតុលានេះ នៅពេលដែលរថយន្តក្រុងមួយគ្រឿតបានរត់ធ្លាក់ពីលើស្ពានក្នុងទីក្រុងវែនីស ហើយអគ្គិភ័យបានឆាបឆេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ០៤ តុលា ២០២៣។

ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងបានធ្វើដំណើរវិលត្រលប់ពីមជ្ឈមណ្ឌលប្រវត្តិសាស្ត្រ នៃទីក្រុងវែនីស ទៅកាន់កន្លែងបោះជំរុំ នៅពេលដែលគ្រោះថ្នាក់បានកើតឡើងប្រហែលម៉ោង ៧និង៣០នាទីយប់ (ម៉ោងក្នុងតំបន់)។ ក្រុមមន្រ្តីពន្លត់អគ្គីភ័យបាននិយាយថា រថយន្តក្រុងនេះត្រូវបានអគ្គិភ័យឆាបឆេះ បន្ទាប់ពីបានធ្លាក់ពីលើស្ពានដែលជាប់ខ្សែផ្លូវដែក ដែលតភ្ជាប់សង្កាត់ Mestre និង Marghera។

ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីអ៊ីតាលី លោកស្រី ចចជៀ មែលឡូនី បានចូលរួមរំលែកទុក្ខដល់ជនរងគ្រោះទាំងអស់។ ចំណែក អភិបាលក្រុងវែនីស លោក ល្វីហ្គី ប៊្រូណារ៉ូ បានបង្ហោះសារនៅលើផេកហ្វេសបុកផ្លូវការរបស់គាត់ ដោយពណ៌នាគ្រោះថ្នាក់នេះថា ជា “សោកនាដកម្មមួយវាយប្រហារសហគមន៍របស់គាត់”។

រីឯ អភិបាលតំបន់វែនីស លោក លូកា ហ្សៃអា បាននិយាយថា ចំនួនអ្នកស្លាប់បណ្តោះអាសន្ន គឺយ៉ាងហោចណាស់ ២១ និងជាង ២០នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយថា អ្នកដំណើរទាំងនោះមានសញ្ជាតិផ្សេងៗគ្នាមានដូចជាអាល្លឺម៉ង់ និងបារាំង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ