ហេតុការណ៍ផ្ទុះគ្រាប់បែក ២ដងនៅខេត្តយ៉ាឡានិង ខេត្តណារ៉ាធីវ៉ាត់ប្រទេសថៃ ស្លាប់ពលរដ្ឋម្នាក់ រងរបួស១១នាក់
ថៃ ៖ ហេតុការណ៍ផ្ទុះគ្រាប់បែក២ដងនៅខេត្តយ៉ាឡាកាលពីយប់ថ្ងៃសៅរ៍ និងផ្ទុះគ្រាប់បែកនៅខេត្តណារ៉ាធីវ៉ាត់កាលពីព្រឹកថ្ងៃអាទិត្យ អាជ្ញាធរចាត់ទុកថានេះជាស្នាដៃរបស់ក្រុមបះបោរចង់ផ្ដាច់ទឹកដី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Nationនៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៥។
ហេតុការណ៍នោះកើតឡើងនៅមុខហាងលក់ទំនិញមួយកន្លែងនៅម៉ោង៨:២០យប់ថ្ងៃសៅរ៍នៅពេលនគរបាលមួយក្រុមបើករថយន្តល្បាតកាត់ទីនោះ។ ឧត្ដមសេនីយ៍ Worawit Na Nakhon ថ្លែងថាហេតុការណ៍នេះបានឆក់យកជីវិតជនរងគ្រោះឈ្មោះ Tuan Ibrawheng Nimi របួសនគរបាល៧នាក់ និងជនស៊ីវិល៤នាក់។ក្រៅពីការស្លាប់ និងរបួសមនុស្សដូចរៀបរាប់ខាងលើនេះ គ្រាប់បែកដែលផ្ទុះក៏បានបង្កការខូចខាតរថយន្តដែលចតនៅម្ដុំនោះជាច្រើនគ្រឿងផងដែរ។
អាជ្ញាធរបានបញ្ជូនកងកម្លាំងសន្តិសុខទៅដាក់ពង្រាយនៅកន្លែងកើតដើម្បីហ៊ុមព័ទ្ធខ្សែជុំវិញ និងការពារសុវត្ថិភាពអ្នករស់នៅម្ដុំនោះ អាជ្ញាធរក៏កំពុងបើកការស៊ើបអង្កេតយ៉ាងដុតដៃដុតជើងផងដែរដើម្បីរកមូលហេតុពិតប្រាកដនៅពីក្រោយរឿងនេះ ពួកគេជឿជាក់ថាការវាយប្រហារដោយគ្រាប់បែកលើកនេះដើម្បីបង្កការភ័យខ្លាចនៅក្នុងចំណោមសាធារណៈជន។
នៅខេត្តណារ៉ាធីវ៉ាត់កាលពីព្រឹកមិញក៏មានករណីផ្ទុះគ្រាប់បែកផងដែរដែលគេបង្កប់នៅក្នុងរថយន្តភិកអាប់ចតទុកចោលក្បែរកន្លែងត្រួតពិនិត្យការហោះហើរនៃព្រលានយន្តហោះណារ៉ាធីវ៉ាត់។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៨:៥០ព្រឹកថ្ងៃអាទិត្យ។ ពោលគឺកើតឡើង១ម៉ោងមុនពេលលោកថាក់ស៊ីនទៅដល់ទីនោះ។ ហេតុការណ៍នេះបណ្ដាលឱ្យរបួសភ្នាក់ងារសន្តិសុខនៅព្រលានយន្តហោះ៤នាក់៕