រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លើកទឹកចិត្ដដល់គ្រូពេទ្យទូទាំងប្រទេស ត្រូវបង្កើនទំនាក់ទំនងជិតសិ្នទជាមួយអ្នកជំងឺ និងគ្រួសារអ្នកជំងឺ
ភ្នំពេញ ៖ លោក ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានជំរុញលើកទឹកចិត្ដដល់គ្រូពេទ្យនៅតាមមន្ទីរពេទ្យទូទាំងប្រទេស ត្រូវបង្កើនទំនាក់ទំនងយ៉ាងជិតស្និទជាមួយអ្នកជំងឺ និងគ្រួសារអ្នកជំងឺ រួមទាំងបច្ចេកទេសក្នុងការព្យាបាលអ្នកជំងឺឱ្យកាន់តែប្រសើរបន្ថែមទៀត។
ការលើកឡើងរបស់ លោក ឈាង រ៉ា នាឱកាសអញ្ជើញចុះពិនិត្យពីវឌ្ឍនៈភាពការផ្ដល់សេវាពិនិត្យព្យាបាល និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ដ្រី រាជការ បុគ្គលិក នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។
ក្នុងឱកាសសំណេះសំណាល លោក ឈាង រ៉ា បានថ្លែងថា «ក្នុងនាមជាគ្រូពេទ្យ ក្រៅពីការពង្រឹងជំនាញបច្ចេកទេសព្យាបាលអ្នកជំងឺ គឺត្រូវមានទឹកចិត្ដមេត្ដា អាណិតអាសូរជាប់នៅក្នុងខ្លួនផងដែរ។ ដោយលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានលើកឡើងពីរឿងនិទានមួយពីកុមារីដ៏អភ័ព្វម្នាក់ ដែលលាចាកលោកទាំងវ័យក្មេង ទុកឱ្យម្ដាយឪពុកយំសោកស្ដាយកូនលាទាំងអាល័យ ដែលជាការណែនាំមួយ ដល់គ្រូពេទ្យមន្ទីរពេទ្យគន្ធបុប្ផា គឺត្រូវបន្ដដើរតួនាទីសង្គ្រោះជីវិតកុមារ ផ្ដល់សេវាដោយឥតគិតថ្លៃ និងមានទំនាក់ទំនងល្អជាមួយអ្នកជំងឺ និងគ្រួសារអ្នកជំងឺ»។
លើសពីនោះ លោក បានលើកទឹកចិត្ដដល់មន្ទីរគន្ធបុប្ផា ត្រូវពង្រឹងភាពជាម្ចាស់ការ ទោះជាមានម្ចាស់ជំនួយក៏ដោយ ដើម្បីភាពរឹងមាំក្នុងការជួយកុមារ ក៏ដូចជាទារក កម្ពុជាបន្ដទៀតប្រកបដោយប្រសិទ្ធភាពខ្ពស់។ ក្នុងនោះ លោក ក៏បានបញ្ជាក់ជំហរយ៉ាងរឹងមាំ ក្នុងការប្ដេជ្ញាគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា។
សូមបញ្ជាក់ថា តាមការបញ្ជាក់របស់ លោកសាស្ដ្រាចារ្យ គី សន់ទី បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ កុមារនៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ជាង១ពាន់នាក់៕