ប្រទេសចិន ស្នើអ៊ីរ៉ង់ឲ្យទប់ស្កាត់ការវាយប្រហាររបស់ក្រុម ហ៊ូទី នៅសមុទ្រក្រហម
អន្តរជាតិ៖ អ៊ីរ៉ង់ និងក្រុមមន្ត្រីការទូតម្នាក់ ដែលដឹងពីបញ្ហានេះបាននិយាយថា ក្រុមមន្ត្រីចិនបានស្នើឱ្យសមភាគីអ៊ីរ៉ង់ ជួយទប់ស្កាត់ការវាយប្រហារលើនាវាដឹកទំនិញនានានៅសមុទ្រក្រហម ដោយក្រុមហ៊ូទីគាំទ្រដោយអ៊ីរ៉ង់ ឬបើពុំនោះ នឹងត្រូវប៉ះពាល់ដល់ទំនាក់ទំនងធុរកិច្ចជាមួយទីក្រុងប៉េកាំង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៦ មករា ២០២៤។
ប្រទេសអ៊ីរ៉ង់បាននិយាយថា ការពិភាក្សាអំពីការវាយប្រហារ និងពាណិជ្ជកម្មរវាងចិន និងអ៊ីរ៉ង់បានធ្វើឡើងនៅក្នុងកិច្ចប្រជុំថ្មីៗជាច្រើននៅទីក្រុងប៉េកាំង និងទីក្រុងតេហេរ៉ង់ ដោយបដិសេធមិនផ្តល់ព័ត៌មានលម្អិត ដែលពួកគេបានធ្វើឡើង ឬអ្នកណាបានចូលរួមខ្លះ។
មន្ត្រីអ៊ីរ៉ង់មួយរូបបានប្រាប់សារព័ត៌មាន Reuters ដោយមិនបញ្ចេញឈ្មោះថា ប្រទេសចិននិយាយថា ប្រសិនបើផលប្រយោជន៍របស់យើងត្រូវបានប៉ះពាល់តាមមធ្យោបាយណាមួយ នោះនឹងប៉ះពាល់ដល់អាជីវកម្មរបស់យើងជាមួយទីក្រុងតេអេរ៉ង់។ ដូច្នេះសូមប្រាប់ក្រុមហ៊ូទីឱ្យមានការអត់ធ្មត់។
ការវាយប្រហារដែលក្រុមចលនាហ៊ូទីនិយាយថា ជាការបង្ហាញការគាំទ្រប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា បានធ្វើថ្លៃសេវាដឹកជញ្ជូន និងការធានារ៉ាប់រង ហក់ឡើងខ្ពស់ ដោយបង្អាក់ផ្លូវពាណិជ្ជកម្មសំខាន់រវាងអាស៊ី និងអឺរ៉ុប ដែលប្រើប្រាស់យ៉ាងទូលំទូលាយដោយនាវាមកពីប្រទេសចិន។
ប្រភពចំនួន៤ពីខាងអ៊ីរ៉ង់បាននិយាយថា ទោះយ៉ាងណាក៏ដោយ ក្រុមមន្ត្រីចិនពុំបានធ្វើអត្ថាធិប្បាយជាក់លាក់ណាមួយ ឬការគំរាមកំហែងអំពីរបៀបដែលទំនាក់ទំនងពាណិជ្ជកម្មរបស់ទីក្រុងប៉េកាំងជាមួយអ៊ីរ៉ង់អាចរងផលប៉ះពាល់នោះទេ ប្រសិនបើផលប្រយោជន៍របស់ខ្លួនត្រូវបានបំផ្លាញដោយការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូទី៕