ភ្នំពេញ ៖ ក្រុមនិស្សិត បានលើកឡើងថា ការកំហិតការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គឺជាវិធានការមានប្រសិទ្ធិភាព ក្នុងការកាត់បន្ថយគ្រោះថ្នាក់បណ្ដាលមកពីការប្រើប្រាស់គ្រឿងស្រវឹងនាពេលបច្ចុប្បន្ន។

ការលើកឡើងនេះ ស្របពេលដែលក្រុមនិស្សិតសង្កេតឃើញការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងយ៉ាងព្រោងព្រាត នាពេលបច្ចុប្បន្ន ដែលការផ្សាយពាណិជ្ជកម្មនេះ បានទាក់ទាញយុវជនដែលជាធនធានទំពាំងស្នងឬស្សីឱ្យចាប់ផ្ដើមប្រើប្រាស់គ្រឿងស្រវឹង និងប្រើប្រាស់កាន់តែច្រើន។

 ក្រុមនិស្សិត បានបញ្ជាក់ នៅក្នុងវគ្គសិក្ខាសាលានៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង នាពេលថ្មីៗនេះ ថា «សព្វថ្ងៃឧស្សាហកម្មគឿងស្រវឹងកំពុងផ្សាយពាណិជ្ជកម្មគ្រប់រូបភាពដូចជា ក្នុងហ្វេសបុក Tik Tok ផ្ទាំងបដា ប៉ាណូ អេក្រង់ LED ការឧបត្ថម្ភកម្មវិធីកីឡា កម្មវិធីប្រគុំតន្រ្តី លេងល្បែងកម្សាន្ត ការជួលតារាល្បីៗឱ្យផ្សព្វផ្សាយ ដែលនាំឱ្យមានការធ្វើត្រាប់តាម IDOLរបស់ពួកគេ។ ទីតាំងនិងព្រឹត្តិការណ៍ផ្សាយពាណិជ្ជកម្មទាំងអស់នេះ សុទ្ធសឹងតែកុមារ យុវជនធ្វើដំណើរឆ្លងកាត់ ឬចូលរួមញឹកញាប់ជាងគេ ដូច្នេះចង់មិនចង់ ពួកគេនឹងទទួលឥទ្ធិពលអាក្រក់ពីការផ្សាយគ្រឿងស្រវឹងទាំងនោះ»។

ជាមួយគ្នានេះដែរ  អង្គការសុខភាពពិភពលោក បានបញ្ជាក់ថា វិធានការកំហិតការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនឹង បង្ការយុវជនកុំឱ្យស្គាល់ម៉ាកគ្រឿងស្រវឹងនៅវ័យក្មេងពេក (ព្រោះការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង មានឥទ្ធិពលលើការសម្រេចចិត្តរបស់យុវជន ក្នុងការចាប់ផ្តើមប្រើប្រាស់គ្រឿងស្រវឹង និងបង្កើនការប្រើប្រាស់គ្រឿងស្រវឹងឱ្យកាន់តែច្រើន), កាត់បន្ថយរូបភាពផ្សាយគ្រឿងស្រវឹងដែលទាក់ទាញនិងជំរុញចិត្តអ្នកញៀនគ្រឿងស្រវឹងស្រាបឱ្យប្រើប្រាស់, ទប់ស្កាត់ឥទ្ធិពលការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងលើបទដ្ឋានសង្គមដែលបង្កើតឱ្យមានវប្បធម៌ទទួលទានគ្រឿងស្រវឹងជារឿងធម្មតា ហើយផ្តល់គ្រោះថ្នាក់ដល់សុខភាពសាធារណៈ សេដ្ឋកិច្ច និងសង្គម ។

លើសពីនេះ ការកំហិតការផ្សាយពាណិជ្ជកម្មគ្រឿង ជាពិសេសទៅលើក្រុមមនុស្សវ័យក្មេង យុវជន និងកុមារ គឺជាការពិចារណាដ៏សំខាន់ក្នុងការទប់ស្កាត់ និងកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង។ 

គួរបញ្ជាក់ផងដែរថា គ្រឿងស្រវឹង ជាមូលហេតុចម្បងដែលបណ្ដាលឱ្យមានអ្នកស្លាប់ប្រមាណ ៣លាននាក់ក្នុងមួយឆ្នាំៗ។ ការប្រើប្រាស់គ្រឿងស្រវឹង បង្កអោយមានជំងឺជាង២០០មុខ ជាកត្តាចម្បងបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍ ជាកត្តាហានិភ័យជំរុញអោយមានអំពើហិង្សាគ្រប់ប្រភេទ ព្រមទាំងភាពក្រីក្រ។ ដោយឡែកនៅកម្ពុជា ថ្មីៗនេះក៏មានគ្រោះថ្នាក់ចរាចរណ៍ដ៏សង្វេកមួយបង្កដោយអ្នកបើកបររថយន្ត បុកប្ដីប្រពន្ធ និងទារកតូចនៅលើស្ពានជ្រោយចង្វាររងរបួសធ្ងន់ធ្ងរ ដែលធ្វើឱ្យមហាជនខឹងសម្បាចំពោះជនបង្ក។ រឿងដ៏គួរឱ្យខ្លោចចិត្តនេះ សុទ្ធសឹងតែផ្ដើមចេញពីគ្រឿងស្រវឹងទាំងអស់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ