NASA បង្ហាញយន្តហោះល្បឿនលឿនជាងសំលេងទំនើបបំផុត X-59
វ៉ាស៊ីនតោន៖ អង្គការ NASA បានបង្ហាញយន្តហោះល្បឿនលឿនជាងសំលេងទំនើបបំផុត X-59 របស់ខ្លួន ដែលជាផ្នែកមួយនៃគោលដៅរបស់ទីភ្នាក់ងារអវកាសអាមេរិកនេះ ដើម្បីធ្វើឱ្យការហោះហើរល្បឿនលឿនពាណិជ្ជកម្មអាចដំណើរការទៅបាន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៤ មករា ២០២៤។
អង្គការ NASA និងក្រុមហ៊ុន Lockheed Martin បើកបង្ហាញជាផ្លូវការនូវយន្តហោះមានល្បឿនលឿនជាងសំឡេង X-59។ តាមរយៈការប្រើប្រាស់យន្តហោះពិសោធន៍មួយប្រភេទនេះ NASA មានគោលបំណងប្រមូលទិន្នន័យ ដើម្បីធ្វើបដិវត្តការធ្វើដំណើរតាមផ្លូវអាកាស ដោយត្រួសត្រាយផ្លូវសម្រាប់យន្តហោះពាណិជ្ជកម្មជំនាន់ថ្មី ដែលអាចធ្វើដំណើរក្នុងល្បឿនលឿនជាងសំលេង។
ថ្លែងក្នុងពិធីនេះ នាយករងអង្គការ NASA លោកស្រី Pam Melroy បាននិយាយយ៉ាងដូច្នេះថា នេះគឺជាសមិទ្ធិផលដ៏សំខាន់មួយ កើតចេញពីកិច្ចខិតខំប្រឹងប្រែង និងភាពប៉ិនប្រសប់របស់អង្គការ NASA និងក្រុម X-59 ទាំងមូល។ លោកស្រី Melroy បន្ថែមថា ក្នុងពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះ យើងអាចធ្វើឱ្យគំនិតពោរពេញដោយមហិច្ឆិតាក្លាយជាពិត។ ជាក់ស្តែង យន្តហោះ X-59 របស់ NASA នេះ នឹងជួយផ្លាស់ប្តូរវិធីដែលយើងធ្វើដំណើរតាមផ្លូវអាកាស ចំណាយពេលកាន់តែតិចជាងមុន។
លោកស្រី Melroy និងមន្រ្តីជាន់ខ្ពស់ផ្សេងទៀតបានបើកបង្ហាញយន្តហោះ X-59 ក្នុងអំឡុងពិធីមួយដែលរៀបចំឡើងដោយក្រុមហ៊ុនសាងសង់ដ៏សំខាន់ Lockheed Martin នៅឯរោងចក្រ Palmadele រដ្ឋ Calofornia។
យន្តហោះ X-59 ត្រូវបានគេរំពឹងថា អាចនឹងហោះលឿនជាងសំលេងរហូតដល់ ១.៤ដង ឬប្រហែល ២៥៦គីឡូម៉ែត្រក្នុងមួយម៉ោង។ យន្តហោះនេះដែរ គ្រោងធ្វើការហោះហើរលើកដំបូងនៅចុងឆ្នាំ ២០២៤៕RT