(មានវីដេអូ) ក្រុមគាស់ផ្ទះលួចម៉ូតូនៅកំពង់ស្ពឺ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបបាននៅខេត្តព្រៃវែង ក្រោយធ្វើសកម្មភាពជិត១០ថ្ងៃ
ភ្នំពេញ៖ យោងតាមហ្វេសប៊ុកផេក នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោយមានការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងទទួលផែននាយកដ្ឋាន កណ្តាលនគរបាលយុត្តិធម៍ ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ វេលា ម៉ោង ១៧៖៣០នាទី កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងលោកឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងរងខេត្តព្រៃវែង បានអនុវត្តដីការបង្គាប់ឲ្យនាំខ្លួនរបស់សាលាដំបូងខេត្តកំពង់ស្ពឹ និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ មាន ធុល ភេទប្រុស អាយុ ៣៩ឆ្នាំ នៅចំណុចភូមិសំព័រ ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង ។
អំពីហេតុការណ៏ៈ កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៣និង៣០នាទី ទាបភ្លឺ មានករណី លួចមានស្ថានទម្ងន់ទោស (គាស់ផ្ទះយកម៉ូតូ) មួយកើតទ្បើងនៅចំណុចភូមិពង្រ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បង្កដោយជនសង្ស័យ០២នាក់ បានធ្វើសកម្មភាពគាស់ផ្ទះលួចយក ម៉ូតូមួយគ្រឿងម៉ាក ស្កុបពី ពាក់ស្លាកលេខកំពង់ស្ពឺ 1Q-2502 សេរី២០២០ របស់ជនរងគ្រោះឈ្មោះ ប៊ុត ចិត្រា ក្រោយពីដឹងថាបាត់ម៉ូតូ ជនរងគ្រោះបានទូរស័ព្ទ ទៅបងប្អូនឈ្មោះ ប៊ុត ពិសិដ្ឋ និងឈ្មោះ ហួន លីហាក់ ឲ្យជួយជិះម៉ូតូមើលតាមផ្លូវជាតិលេខ៤ ក្រែងលោបានជួបប្រទះ ។
ពេលនោះឈ្មោះ ប៊ុត ពិសិដ្ឋ និងឈ្មោះ ហួន លីហាក់ បានប្រទះឃើញម៉ូតូដែលជនសង្ស័យបានលួច នៅចំណុចគីទ្បូម៉ែត្រលេខ៣៩ និងលេខ៤០ អ្នកទាំងពីរបានយកមួកសុវត្ថិភាព វាយក្បាលជនសង្ស័យ ហើយជនសង្ស័យបានផ្តួលម៉ូតូរត់គេចខ្លួន ភ្លាមជនសង្ស័យម្នាក់ទៀត បានធ្វើសកម្មភាពដកអាវុធខ្លី បាញ់ទៅលើជនរងគ្រោះទាំងពីរបណ្តាលឲ្យរងរបួស។
ក្រោយមកសមត្ថកិច្ចខេត្តកំពង់ស្ពឹ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុខ មឿន ហៅ សុខ នឿន ភេទប្រុស អាយុ៤០ឆ្នាំ មានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ចំណែកបក្សពួកម្នាក់ទៀតរត់គេចខ្លួន។ បច្ចុប្បន្នជនសង្ស័យខាងលើ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានរៀបចំបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធី៕