អាមេរិក៖ សេតវិមានបានអះអាងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន នឹងវាយតម្លៃ ទំនាក់ទំនងក្រុងវ៉ាស៊ីនតោន និងក្រុងរីយ៉ាដឡើងវិញ បន្ទាប់ពីអង្គការនាំចេញប្រេងកាតអូប៉ិច ដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត ចូលរួមជាមួយរុស្ស៊ី ក្នុងការព្រមព្រៀងគ្នាលើការកាត់បន្ថយផលិតកម្ម ប្រេងកាត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃ១១ តុលា ២០២២។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក ចន ឃឺរប៊ី បានថ្លែងប្រាប់សារព័ត៌មាន CNN ថា «ខ្ញុំគិតថា ប្រធានាធិបតីបានច្បាស់ណាស់ថា នេះគឺជាទំនាក់ទំនងដែលយើងត្រូវបន្តវាយតម្លៃ និងមានឆន្ទៈក្នុងការត្រួតពិនិត្យឡើងវិញ»។ លោក ឃឺរប៊ី បានបន្តថា ការសម្រេចចិត្តរបស់អង្គការអូប៉ិច គឺជាអ្វីដែលជំរុញឱ្យលោក បៃដិន ត្រូវធ្វើដូច្នេះ។

មន្រ្តីសេតវិមានដដែល បានបន្ថែមទៀតថា លោក បៃដិន មានឆន្ទៈក្នុងការធ្វើការជាមួយសភាអាមេរិក ដើម្បីគិតថាតើទំនាក់ទំនង ជាមួយអារ៉ាប៊ីសាអូឌីតគួរទៅខាងមុខឬអត់? ទោះបីជាមិនទាន់មាន ការពិភាក្សាជាផ្លូវការលើបញ្ហានេះនៅឡើយ។

សូមបញ្ជាក់ថា កាលពីថ្ងៃមុន អង្គការអូប៉ិចផ្លើស(OPEC+) ដែលរាប់បញ្ចូលទាំងរុស្ស៊ី បាននាំគ្នាសម្រេចចិត្ត កាត់បន្ថយផលិតកម្មប្រេងឱ្យនៅសល់ត្រឹមតែពីរលានបារ៉ែលក្នុងមួយថ្ងៃ ចាប់ផ្ដើមពីដើមខែ ក្រោយទៅ។ ការសម្រេចចិត្តនេះ បានបង្កឱ្យមានការខឹងសម្បារយ៉ាង ខ្លាំងពីសហរដ្ឋអាមេរិក ដែលលើកឡើងពីកង្វល់នៃ ការឡើងតម្លៃប្រេង ហើយវា ក៏ត្រូវបានគេមើលឃើញផងដែរ ថាជាភាពអាម៉ាស់ផ្នែកការទូត សម្រាប់រដ្ឋបាលលោក បៃដិន ដែលត្រៀម សម្រាប់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកាខាងមុខនេះ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ