បរទេស៖ និមិត្តសញ្ញា Twitter ថ្មីត្រូវបានដាក់បង្ហាញជាផ្លូវការហើយនៅថ្ងៃចន្ទដើមសប្តាហ៍នេះ ដែលមានលក្ខណៈពិសេសជាមួយនឹងផ្ទៃខាងក្រោយពណ៌ខ្មៅដិត និងអក្សរ X តែមួយតួរប៉ុណ្ណោះ នឹងត្រូវបានរចនាឡើងរំលេចដោយពណ៌ស ជាមួយនឹងរូបរាងតូច។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Daily mail នៅថ្ងៃទី២៤ កក្កដា ២០២៣។

លឿនជាងការរំពឹងទុកក្រោយលោក Musk ប្រកាសថានឹងប្តូរនិមិត្តសញ្ញាបក្សីពណ៌ខៀវនៅលើ Twitter ទៅជាអក្សរ X មិនទាន់ដល់រយៈពេល ២៤ម៉ោងផង ពេលនេះនិមិត្តសញ្ញាថ្មីត្រូវបានដាក់បង្ហាញជាផ្លូវការហើយ។ យោងតាមបច្ចុប្បន្នភាពថ្មីនៅរសៀលថ្ងៃចន្ទនេះ ទាំងគណនីលោក Musk និងនាយកប្រតិបត្តិក្រុមហ៊ុន Twitter ថ្មីលោកស្រី Linda Yaccarino បានចាប់ផ្តើមផ្លាស់ប្តូរទៅប្រើប្រាស់និមិត្តសញ្ញាអក្សរ X នៅលើគណនី Twitter ផ្ទាល់ខ្លួនជាផ្លូវការហើយ។

លើសពីនេះ និមិត្តសញ្ញាថ្មី នឹងឈ្មោះរបស់ Twitter ឥឡូវនេះចាប់ផ្តើមផ្លាស់ប្តូរទាំងអស់ទាំងនៅលើ Website, Twitter App និងនៅលើម៉ាកយីហោផ្សេងទៀតរបស់ Twitter។

ហាស់ថេក (hashtag) #GoodbyeTwitter កំពុងពេញនិយមជាខ្លាំងនៅលើផ្លេតហ្វមរបស់ Twitter ដោយយោងទៅលើការផ្លាស់ប្តូរនិមិត្តសញ្ញាចាស់ ខណៈអ្នកប្រើប្រាស់រាប់លាននាក់បានរិះគន់ចំពោះអក្សរ X ថ្មីនេះ។ មានគណនីមួយមានឈ្មោះថា Sawyer Merritt បានចោទជាសំណួរទៅកាន់ Musk រឿងហៅឈ្មោះ «X» ប៉ុន្តែលោក Musk បានឆ្លើយតបថា «x’s» ដែលកំពុងធ្វើឱ្យអ្នកប្រើប្រាស់ជាច្រើនលើកឡើងថាពិបាកក្នុងការហៅឈ្មោះថ្មីនេះ។

យ៉ាងណាមិញជុំវិញហេតុផលក្នុងការសម្រេចចិត្តរបស់ Musk ចំពោះការផ្លាស់ប្តូរនិមិត្តសញ្ញាថ្មីគឺ នៅមិនទាន់ទទួលបានរបាយការណ៍ណាមួយលម្អិតនោះទេ ប៉ុន្តែមានមតិខ្លះបានប៉ាន់ស្មានថា គាត់ប្រហែលជាចង់ឃ្លាតឆ្ងាយពី Twitter និងពីអតីតកាលរបស់ខ្លួន ដែលត្រូវបានបំផ្លាញដោយភាពចម្រូងចម្រាស។ រីឯមតិផ្សេងទៀតបានផ្តល់យោបល់ថាគាត់ប្រហែលជាចង់ធ្វើឱ្យឡូហ្គោកាន់តែទាក់ទាញ និងងាយរកចំណូលមកវិញ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ