បរទេស៖ នៅឆ្នាំ២០២០ ការលក់អាវុធ និងសេវាយោធាដោយក្រុមហ៊ុនលក់អាវុធធំៗទាំង១០០នៅលើពិភពលោករកកម្រៃបានដល់ទៅ ៥៣១ពាន់លានដុល្លារ កើនឡើង ១.៣ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៩។ នេះបើតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្ដុកខុល (SIPRI) ប្រទេសស៊ុយអែត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Al Jazeera នៅថ្ងៃទី០៧ ធ្នូ ២០២១៕

វិទ្យាស្ថាន SIPRI បានអោយដឹងទៀតថា ក្រុមហ៊ុនលក់អាវុធនៅសហរដ្ឋអាមេរិក នៅតែបន្តគ្រប់គ្រងឧស្សាហកម្មអាវុធ ដោយក្រុមហ៊ុនលក់អាមេរិកចំនួន ៤១ រកប្រាក់បាន ២៨៥ពាន់លានដុល្លារ ឬស្មើនឹង៥៤ភាគរយនៃការលក់អាវុធសរុបនៅក្នុងចំណោមក្រុមហ៊ុនធំៗទាំង១០០។ ក្រុមហ៊ុនលក់អាវុធដែលគ្រងតំណែងរាប់ពីលេខរៀងទី១ ដល់ទី៥ ចាប់តាំងពីឆ្នាំ២០១៨មក សុទ្ធតែជាក្រុមហ៊ុនមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក។

បើតាមវិទ្យាស្ថាន SIPRI ការលក់អាវុធរបស់ក្រុមហ៊ុនធំៗរបស់ចិនរកប្រាក់បាន ៦៦.៨ពាន់លានដុល្លារកាលពីឆ្នាំ២០២០ ឬកើនឡើង ១.៥ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៩ ខណៈការលក់អាវុធរបស់រុស្ស៊ីមានការថយចុះ។

គួរបញ្ជាក់ថា ឆ្នាំ២០២០ គឺជាឆ្នាំទី៦ជាប់គ្នា ដែលវិស័យលក់អាវុធរបស់ក្រុមហ៊ុនធំៗទាំង១០០ អាចរក្សាបាននូវកំណើន បើទោះជាសេដ្ឋកិច្ចពិភពលោកកំពុងរងផលប៉ះពាល់ដោយសារ COVID-19 ក៏ដោយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ