សហរដ្ឋអាមេរិកយល់ព្រមលក់យន្តហោះដ្រូនទំនើបបំផុត តម្លៃ ៤ពាន់លានដុល្លារ ទៅឱ្យឥណ្ឌា
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានអនុម័តលើការលក់យន្តហោះគ្មានមនុស្សបើកដ៏ទំនើបបំផុត ឬហៅថា ដ្រូន ក្នុងតម្លៃប្រមាណ ៤ពាន់លានដុល្លារទៅឱ្យឥណ្ឌា ខណៈដែលប្រទេសនេះកំពុងប្រឹងប្រែងធ្វើទំនើបកម្មយោធារបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន Reuters នៅថ្ងៃទី០២ កុម្ភ: ២០២៣។
បន្ទាប់ពីសមាជិកសភាអាមេរិក និងឥណ្ឌាប្រើពេលរាប់ខែចរចាគ្នា នៅទីបំផុតក្រសួងការបរទេសអាមេរិកបានជូនដំណឹងជាផ្លូវការ អំពីការលក់យន្តហោះដ្រូន ក្នុងតម្លៃ ៤ពាន់លានដុល្លារទៅឱ្យឥណ្ឌា។ កិច្ចព្រមព្រៀងនេះ ក៏រួមបញ្ចូលទាំងយន្តហោះដ្រូនដ៏ទំនើបបំផុតធុន MQ-9B Sky Guardians ចំនួន ៣១គ្រឿងផងដែរ ក្នុងចំណោមយន្តហោះគ្មានមនុស្សបើក Predator ដែលផលិតដោយក្រុមហ៊ុន General Atomics។
បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក យន្តហោះដ្រូនដ៏ទំនើបទាំងនេះ នឹងជួយពង្រឹងសមត្ថភាពការពារជាតិរបស់ប្រទេសឥណ្ឌា ទប់ទល់នឹងការគំរាមកំហែងនានា ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។ យន្តហោះដ្រូននេះទៀតសោត នឹងដើរតួនាទីជាអ្នកឃ្លាំមើល និងឈ្លបយកការណ៍តាមផ្លូវសមុទ្រ ដោយពួកវាអាចហោះបានរយៈពេល ៣៥ម៉ោង និងប្រើប្រាស់មីស៊ីល Hellfire ដើម្បីវាយប្រហារសត្រូវ រួមជាមួយសមត្ថភាពផ្ទុកគ្រាប់បែកមានទម្ងន់រហូតដល់ ៤៥០គីឡូក្រាម។
គួរបញ្ជាក់ផងដែរថា កងទ័ពជើងទឹកឥណ្ឌាបាននឹងកំពុងធ្វើប្រតិបត្តិការយន្តហោះដ្រូនអាមេរិក Predator ចំនួនពីរគ្រឿងរួចមកហើយ ប៉ុន្តែជាការជួល ដែលតាមរយៈនោះ ឥណ្ឌាបានត្រួតពិនិត្យដែនសមុទ្រអារ៉ាប់ ដើម្បីការពារនាវាពីការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូទី និងចោរសមុទ្រសូម៉ាលីរបស់យេម៉ែន៕RT