អន្តរជាតិ៖ កាលពីខែសីហា ប៉ូឡូញបានអនុវត្តការរុញច្រានខុសច្បាប់ទៅលើជនអន្តោប្រវេសន៍មួយក្រុមដែលជាប់ក្នុងតំបន់សនៃព្រំដែនជាមួយបេឡារូស នេះបើតាមការលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី៣០ កញ្ញារបស់អង្គការលើកលែងទោសអន្តរជាតិ Amnesty International ដែលបានធ្វើការវិភាគរូបភាពផ្កាយរណប និងរូបភាព វីដេអូពីនៅទីនោះផ្ទាល់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី៣០ កញ្ញា ២០២១។
Amnesty ដោយប្រើប្រាស់រូបភាពផ្កាយរណបថតតំបន់នេះកាលពីថ្ងៃទី ១៨ សីហា បាននិយាយថាពួកគេបានរកឃើញភស្តុតាងនៃការធ្វើដំណើររបស់ក្រុមជនអន្តោប្រវេសន៍នេះចេញពីទឹកដីប៉ូឡូញទៅតំបន់សវិញ ដែលជាសញ្ញានៃការបណ្ដេញចេញ។ Amnesty និយាយថាការបណ្ដេញជនអន្តោប្រវេសន៍ ដែលស្វែងសិទ្ធជ្រកកោណ ដោយគ្មានការពិចារណាអំពីសុវត្ថិភាពរបស់ពួកគេ គឺរំលោភច្បាប់អឺរ៉ុប និងច្បាប់អន្តរជាតិ។
ប្រទេសប៉ូឡូញ ប្រទេសលីទុយអានី និងប្រទេសឡាតវី បានរាយការណ៍កើនឡើងយ៉ាងខ្លាំងនៃជនអន្តោប្រវេសន៍អាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់ ឆ្លងពីព្រំដែនជាមួយប្រទេសបេឡារូស។ ប្រទេសទាំងបី និងសហភាពអឺរ៉ុបបានចោទប្រកាន់ប្រទេសបេឡារូសថាបានដឹកជញ្ជូនជនអន្តោប្រវេសន៍ទាំងនេះមកព្រំដែនអឺរ៉ុប ដើម្បីដាក់សម្ពាធឱ្យសហភាពអឺរ៉ុបដកទណ្ឌកម្ម។ ប្រទេសបេឡារូសបានច្រានចោលការចោទប្រកាន់នេះ។
ប្រទេសទាំងបីនេះ បានចាប់ផ្ដើមសាងសង់របងនៅតាមព្រំដែនពួកគេជាមួយនឹងប្រទេសបេឡារូស ហើយក៏បានបង្កើនវត្តមានកងកម្លាំងសន្តិសុខផងដែរ។ ចាប់តាំងពីការប្រឈមមុខដាក់គ្នានេះកើតឡើងមានជនអន្តោប្រវេសន៍ប្រមាណ ៣០ នាក់ជាប់ក្នុងតំបន់ស ហើយមិនអាចចាកចេញបាន ដោយក្នុងនោះមានមនុស្សយ៉ាងហោចណាស់ ៥ នាក់បានស្លាប់។