គីវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា មានទាហានរុស្ស៊ីជិត ១០០.០០០ នាក់ នៅជិតព្រំដែនអ៊ុយក្រែន ហើយថាបណ្តាប្រទេសលោកខាងលិចបានចែករំលែកព័ត៌មានអំពីចលនារបស់ទាហានរុស្ស៊ីសកម្មជាមួយទីក្រុង Kyiv ។
លោកបានថ្លែងនៅក្នុងវីដេអូនៃសុន្ទរកថា កាលពីថ្ងៃពុធ ដែលធ្វើឡើងនៅលើគេហទំព័ររបស់លោកថា "ខ្ញុំសង្ឃឹមថាពិភពលោកទាំងមូលឥឡូវនេះអាចមើលឃើញយ៉ាងច្បាស់ ថាអ្នកណាពិតជាចង់បានសន្តិភាព ហើយអ្នកណាកំពុងប្រមូលផ្តុំទាហានជិត ១០០.០០០ នាក់ នៅព្រំដែនរបស់យើង" ។
យ៉ាងណាម៉ិញ ចលនាទ័ពរុស្ស៊ីនៅជិតព្រំដែនអ៊ុយក្រែនបានជំរុញឲ្យមានការភ័យខ្លាចចំពោះការវាយប្រហារដែលអាចកើតមាន។ ក៏ប៉ុន្តែ ទីក្រុងមូស្គូបានច្រានចោលការលើកឡើងនេះ និងត្អូញត្អែរអំពីការបង្កើនសកម្មភាពនៅក្នុងតំបន់ដោយសម្ព័ន្ធភាពទ្វីបឆ្លងអាត្លង់ទិករបស់ណាតូ។
គួររំលឹកថា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ក្រសួងការពារជាតិអ៊ុយក្រែនអោយដឹងថា ចំនួនទាហានរុស្ស៊ីនៅជិតព្រំដែនអ៊ុយក្រែនមានចំនួន ៩ម៉ឺននាក់។ NR