អូតាវ៉ា៖ ប្រធានផ្នែកសុខភាពសាធារណៈកាណាដាលោកស្រី Theresa Tam នៅថ្ងៃសុក្រសប្តាហ៍នេះ បានបញ្ជាក់ថា រដ្ឋាភិបាលបានដាក់ពង្រាយវ៉ាក់សាំង Imvamune ជាង ៩៩,០០០ដូសទៅកាន់បណ្តាខេត្ត និងដែនដី ដើម្បីឆ្លើយតបនឹងជំងឺអុតស្វា ខណៈដែលប្រជាជនជាង ៥០,០០០នាក់បានចាក់វ៉ាក់សាំង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃទី១៣ សីហា ២០២២។
លោកស្រី Tam បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គណៈកម្មាធិការប្រឹក្សាពិសេសស្តីពីការឆ្លើយតបនឹងជំងឺអុតស្វាត្រូវបានបង្កើតឡើងដូចអ្វីដែលបានធ្វើដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 កាលពីជាងពីរឆ្នាំមុន។
លោកស្រី Tam បានបញ្ជាក់យ៉ាងដូច្នេះថា រហូតមកទល់ពេលនេះ ការពិភាក្សារបស់យើងបានផ្តោតលើការធ្វើតេស្ត និងធ្វើការជាមួយអង្គការសហគមន៍ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីវិធីកាត់បន្ថយការរីករាលដាលនៃមេរោគ និងការដាក់ពង្រាយវ៉ាក់សាំង និងថ្នាំព្យាបាល Imvamune។
គិតត្រឹមថ្ងៃសុក្រសប្តាហ៍នេះ ទីភ្នាក់ងារសុខភាពសាធារណៈកាណាដាបានបញ្ជាក់ពីករណីឆ្លងជំងឺអុតស្វាចំនួន ១,០៥៩ករណីនៅទូទាំងប្រទេស ក្នុងនោះមានការរាយការណ៍ថា មានអ្នកជំងឺសម្រាកនៅមន្ទីរពេទ្យចំនួន ២៨នាក់ រួមទាំងបញ្ជូនទៅសង្គ្រោះបន្ទាន់ ICU ចំនួន ២ករណី ហើយមិនមានអ្នកស្លាប់ដោយសារជំងឺអុតស្វាក្នុងប្រទេសកាណាដានោះទេ ។
អ្នកជំនាញបានអះអាងថា ជំងឺអុតស្វា គឺជាមេរោគដែលអាចឆ្លងពីមនុស្សទៅមនុស្សតាមរយៈទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកឆ្លងវីរុស រួមទាំងតាមរយៈការឱប ការថើប ការម៉ាស្សា ឬការរួមភេទជាដើម៕ RT