ក្រុងគៀវ៖ ប្រធានាធិបតី អ៊ុយក្រែន នៅថ្ងៃនេះបានអំពាវនាវឱ្យប្រជាជនចូលបម្រើជាកងទ័ព ក្រោយប្រទេសខ្លួនបានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយរុស្ស៊ី និងក្រោយពេល ពូទីន បញ្ជារឱ្យបាញ់មីស៊ីលជាបន្តបន្ទាប់ទៅកាន់ទីក្រុងធំរបស់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNN នៅថ្ងៃទី២៤ កុម្ភៈ ២០២២។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ ស្នើឱ្យសាធារណជនគាំទ្រដល់កងកម្លាំងប្រដាប់អាវុធជាតិ រួមទាំងនាំគ្នាចាប់កាន់អាវុធ ដើម្បីការពារមាតុភូមិ ប្រឆាំងទៅនឹងរុស្ស៊ី។

មេដឹកនាំរូបនេះ និយាយថា រដ្ឋាភិបាលរបស់លោក បានចែកចាយសព្វាវុធដល់ប្រជាជន ដែលមានបំណងការពារអ៊ុយក្រែន រួចរាល់ហើយ។ បន្ថែមពីលើនេះ លោកបានប្រកាសកែនប្រជាជន ដែលពេញវ័យ មានកាយសម្បទារឹងមាំ និងមានសមត្ថភាព ចូលបំពេញកាតព្វកិច្ចក្នុងជួរកងទ័ពគ្រប់ៗគ្នា៕

គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រកាសច្បាប់អាជ្ញាសឹកនៅទូទាំងប្រទេសបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើមប្រតិបត្តិការយោធាមួយ លើភាគខាងកើតអ៊ុយក្រែន។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ